(ភ្នំពេញ)៖ ស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន ២.៦៤៧ហិកតា ស្ថិតនៅក្នុងឃុំចំនួន៧ ក្នុងស្រុកស្រុកពួកនិងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរា បើកទឹកបារាយណ៍បង្ហូរទៅស្រោចស្រពក្នុងខែមករា ឆ្នាំ២០១៦នេះ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការបើកទឹកបារាយណ៍សម្រាប់ស្រោច ស្រពសូវរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងអាស្រ័យលើការស្នើសុំរបស់ប្រជាពលរដ្ឋតាមរយៈសហគមន៍ប្រើប្រាស់ទឹក។ ក្រោយទទួល បានសំណើសុំប្រើប្រាស់ទឹកពីប្រធានសហគមន៍ ក្រុមជំនាញប្រចាំការនៅបារាយណ៍ នឹងពិនិត្យមើលស្ថានភាពជាក់ស្តែងហើយបើក ជូនតែម្តង ដើម្បីជៀសវាសភាពយឺតយ៉ាវ ដែលអាចបង្កភាពខូចខាតដល់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ។

លោក រ៉ាឌីណា បន្ថែមថា បើទោះជាឆ្នាំនេះ បរិមាណទឹកតិច តែប្រហែលមិនខ្វះខាតនោះទេ។ លោករៀបរាប់ថា «តាមគោលការណ៍ គ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា យើងបានព្យាយាមសន្សំសំចៃខ្ពស់ក្នុងការប្រើប្រាស់ទឹក និងប្រមែប្រមូលទឹកពីប្រភពផ្សេងៗ មកបញ្ចូលជាបន្ត ដោយលៃយ៉ាងណាឲ្យមានទឹកស្តុកទុកក្នុងបារាយណ៍ សម្រាប់ការងារអភិរក្សបេតិកភណ្ឌ និងសម្រាប់រដ្ឋាករទឹក សៀមរាប យកទៅចម្រោះធ្វើទឹកស្អាត ផ្គត់ផ្គង់ក្រុងសៀមរាប តែក៏មិនបណ្តោយឲ្យដំណាំកសិកម្មរបស់ប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួត ខ្វះទឹកនោះដែរ»៕