(កំពង់ឆ្នាំង)៖ ដើមត្នោតមានកេរតំណែលតាំងពីបុរាណកាលមក ដែលបានដើរតួរយ៉ាងសំខាន់ក្នុងជីវភាពរបស់ប្រជាពលរដ្ឋនាសម័យមុន មិនតែប៉ុណ្ណោះដើមត្នោតបានវិវត្តន៍ខ្លួន មកដល់សម័យកាលមួយនេះ ដែលត្រូវបានពលរដ្ឋខ្មែរគ្រប់រូបស្គាល់ថា ដើមត្នោតជាដួងព្រលឹងរបស់អ្នកស្រែចម្ការគ្រប់រូប និងក៏ជានិមិត្តរូបជាតិខ្មែរ របស់ប្រទេសកម្ពុជាផងដែរ។
យ៉ាងណាមិញប្រជាកសិករខ្មែរ នៅតែបន្តប្រើប្រាស់នូវផលិតផល ឬរបស់របរប្រើប្រាស់ ធ្វើអំពីដើមត្នោតដើម្បីជាប្រយោជន៍ដល់ជីវភាពរស់នៅ ក៏ដូចជាជួយក្នុងការអភិរក្សនិងលើកស្ទួយវប្បធម៌ និងសប្បកម្មត្នោតខ្មែរ មិនតែប៉ុណ្ណោះ ដើមត្នោតក៏មានមុខងារយ៉ាងពិសេស ក្នុងការផ្ដល់ផលកម្រៃដល់ប្រជាកសិកររស់នៅតាមស្រុកស្រែចំការ ក្នុងការរកទទួលទានចិញ្ចឹមជីវិតដែលបានមកពី ដើមត្នោត ពិសេសជាងនេះដើមត្នោត គឺផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនស្ទើរមិនអាចគណនាបានអត្ថប្រយោជន៍របស់ដើមត្នោតមានដូចជា៖
*ទឹកត្នោត៖ អាចធ្វើស្ករ ដោយគេយកទឹក ត្នោតផ្អែមមករង្ងាស់ធ្វើជាស្ក ឬអាចផលិតជាទឹកត្នោតជូរ ដែលប្រជាកសិករ អ្នកស្រែចម្ការ តែងតែប្រើវាមកជំនួសស្រា នៅពេលជួបជុំបងប្អូន ឬក្នុងពិធីផ្សេងៗ ទឹកត្នោតជូរដែលនៅសល់គេអាចចាក់ចូលទៅក្នុងក្រឡ ឬពីដុងទុកធ្វើជាទឹកខ្មេះក៏បាន។ រីឯផ្លែត្នោតខ្ចីៗអាចធ្វើជាបង្អែម ឬបន្លែសម្លកកូរដែលមានឱជារសឆ្ងាញ់ពិសា ឯផ្លែត្នោតខ្ចីល្មមហូប ក៏គេអាចយកទៅកាប់យកសាច់វាទទួលទាន ឬធ្វើបង្អែមបបរត្នោតបានយ៉ាងឆ្ងាញ់ពិសារទៀតផង។
*ចំណែកផ្លែត្នោតទុំ៖ គេអាចយកវាទៅឱ្យគោ ឬក៏យកទៅធ្វើនំត្នោត ឬចាហួយត្នោតក៏បាន សូមបញ្ជាក់ថាផ្លែត្នោតទុំ កាលពីសម័យ ប៉ុល ពត ប្រជាពលរដ្ឋដែលអត់ បាយអាចយកត្នោតទុំទៅដុតហូបជំនួសបាយផងដែរ។
*គ្រាប់ត្នោត៖ គេយកវាទៅបណ្តុះក្នុងថ្នាលរយៈពេលមួយសប្តាហ៍ទៅ១០ថ្ងៃ គេដកវាមកកាប់ពុះយកកំពីងគ្រាប់ ត្នោតមកទទួលទាន ឬក៏ឆឹងហូបជាមួយស្ករក៏បាន ចំណែកកូនត្នោតតូចៗទើបតែលាស់សន្លឹក គេអាចដកវាយកទៅស្ងោរហូប ឬក៏ស្ងោរលក់នៅក្នុងពិធីបុណ្យទានផ្សេងៗក្នុងភូមិ ដែលមានរស់ជាតិឆ្ងាញ់ម្យ៉ាង។
*ស្លឹកត្នោត៖ គេអាចកាប់យកទៅដេរប្រក់លំនៅដ្ឋាន ឬសំណង់ផ្សេងៗ និងក៏អាចយកទៅធ្វើកន្ទេល ធ្វើជាលដាក់ស្រូវ ដេរមួក ធ្វើស្មុក ធ្វើកន្ត្រក ធ្វើផ្លិត ខ្ចប់នំ និងធ្វើឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។
*ធាងត្នោត៖ គេអាចយកទៅវិញធ្វើជាខ្សែគោ ឬធ្វើជាចំណងចងរបង និងចងរបស់របរផ្សេងៗ គាវត្នោតក៏អាចយកទៅដំយកជក់របស់វា មកធ្វើជាអំបោស វេញធ្វើជាខ្សែគោ ឬធ្វើជាចំណងក៏បាន។
*ដើមត្នោត៖ គេអាចយកវាទៅធ្វើជាគ្រឿងផ្ទះ ធ្វើជាទូកសម្រាប់ជិះលេងកម្សាន្ត ធ្វើឧបករណ៍ប្រើប្រាស់ដូចជាធ្វើចាន ឆ្នាំង ស្លាបព្រា វែក ថាស ចានស្រាក់ ត្បាល់ អង្រែ ពែងតែឈុត ឬធ្វើជាគ្រឿងសង្ហារឹម មានដូចជាតុ ទូ កៅអី គ្រែ និងគ្រឿងលម្អផ្សេងៗសម្រាប់ដាក់តាំងក្នុងគេហដ្ឋាន។ល។ និង។ល។
ដូចនេះ ដើមត្នោត មានអត្ថប្រយោជន៏ជាច្រើនដូចដែលបានរៀបរាប់ខាងលើ ដូច្នេះយើងទាំងអស់គ្នាគួរតែចូលរួមក្នុងការអភិរក្សដើមឈើមួយប្រភេទនេះ ដើម្បីជាប្រយោជ ន៍ដល់ប្រជាកសិករ ក៏ដូចជាការរក្សាទុកជាមរតកជាតិសម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានស្គាល់អំពីដើមត្នោត និងអត្ថប្រយោជន៍របស់ដើមត្នោត ក៏ដូចជារួមចំណែកក្នុងការជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចំការផងដែរ៕