(កណ្ដាល)៖ នាយឧត្តម​សេនីយ៍​​  ហ៊ីង ប៊ុនហៀង និងភរិយា​ បានរៀបចំពិធីដង្ហែអង្គ​ផ្កាប្រាក់ ដែលផ្តួចផ្តើមឡើងដោយ​​លោកផ្ទាល់ ព្រមទាំងបាន​នាំយកអំណោយ​របស់​ សម្តេច​តេជោ​ និង​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ចំនួន​ ២០០លានរៀល ​ដើម្បីបន្តការកសាងវិទ្យាល័យ ហ៊ុន សែន ដើមឫស​ និង​​បានរៀបចំពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ​ ពិសេសយុវជន​ លោកគ្រូ អ្នកគ្រូ ​​ស្ថិតនៅក្នុងឃុំ ដើមឫស ស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ។​

ថ្លែងក្នុងពិធីសំណេះសំណាលនោះ នាយឧ​​ត្តមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​ បានលើកឡើងថា​  ប្រទេសជាតិ​ក្រោមការដឹកនាំ របស់​​សម្តេច​តេជោ​ គឺ​មានសុខសន្តិភាព​​ស្ថេរភាព​ ការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ​ ។ ជាក់ស្តែង​ ក្នុងដំណើរទស្សនៈកិច្ច ​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​​ សហរដ្ឋអាមេរិក​ កន្លងទៅថ្មីៗនេះ​ បានកោតសរសើរយ៉ាងខ្លាំង​ ដល់ការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​​សម្តេច​តេជោ ​​ជាប្រមុខ​ ដែលបាននឹងកំពុងដឹកនាំប្រទេសកម្ពុជា​ ឲ្យមានភាពរីកចម្រើន​ យ៉ាងឆាប់រហ័ស ដែលផ្ទុយពីមតិរិះគន់ របស់​ក្រុមមួយក្តាប់តូច ដែលតែងតែរកគ្រប់វិធី ដើម្បីរារាំងការអភិវឌ្ឍ​ និង​​ក្នុងន័យវាយប្រហាររាជរដ្ឋាភិបាល។​

នាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​​ ​ក៏បានលើកឡើងពីបញ្ហាភូមិ​ ឃុំ​មា​នសុវត្តិភាព​ សូម​មន្ត្រីមានសមត្ថកិច្ច ​ត្រូវ​ខិតខំ​ ថែរក្សាការពារ​ សន្តិសុខ​ សុវត្ថិភាព ជូនប្រជាពលរដ្ឋ​ តាមមូលដ្ឋានឲ្យបានល្អ​។​  ម្យ៉ាងវិញទៀតលោកក៏បានរំឭក​ ដល់ពុកម៉ែ​​បង​ប្អូន​ ពិសេស​ យុវជនដែលជាកំលាំងចលក របស់ប្រទេសជាតិ​ ដែលគ្រប់អាយុ​ មានសិទ្ធបោះឆ្នោត ​ឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា​ ដើម្បីមានឈ្មោះបោះ​​ឆ្នោត នៅឆ្នាំ២០១៧-២០១៨​ ខាងមុខនេះ។​

ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​​ ក៏បានពាំនាំអំណោយ​ដ៏ថ្លៃថ្លា ​របស់ សម្តេច​​តេជោ​ និង​​សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​  ចែកជូន​ដល់បងប្អូនប្រជាពលរដ្ឋ រួមមាន​ សាលាស្រុក​ ១លានរៀល ,សាលាឃុំ​ ដើមឫស​ ៤០ម៉ឺនរៀល,​ដូនជី​ តាជី​ ២០០នាក់​ ម្នាក់ៗជូន ក្រណាត់​ស១ដុំ​ ថវិកា​១ម៉ឺនរៀល, ក្រុមប្រឹក្សាឃុំ​ ២៤នាក់​ ក្នុងម្នាក់ៗ សារ៉ុង​១​ ថវិកា​​ ២ម៉ឺនរៀល​
-ប្រជាពលរដ្ឋ​ ៣៦០០នាក់​ ម្នាក់ៗ​  អាវរងា១និងថវិកា​១ម៉ឺនរៀល, យុវជន​  ស្រុក​​ឃុំ​ ៥០០នាក់​ និង​​សិស្សានុសិស្ស​ ១៥២នាក់ ក្នុងម្នាក់ៗ​ថវិកា​ ១ម៉ឺនរៀល​
-​លោកគ្រូ​ អ្នកគ្រូ​ ៦៨នាក់​ ម្នាក់ៗ​ សារ៉ុង​១​ ថវិកា​២ម៉ឺនរៀល​​​ ​និងបានប្រគេនបច្ច័យ ដល់វត្តពោធិ៍អណ្តែត ចំនួន១០លានផងដែរ៕