(WHO)៖ លោកស្រីវេជ្ជបណ្ឌិត Margaret Chan អគ្គនាយកអង្គការ​សុខភាព​ពិភព​លោក (WHO) បានឲ្យដឹង​នៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃនេះថា យ៉ាងហោចណាស់មានមនុស្ស ៣ទៅ៤លាននាក់ នឹងឆ្លងជំងឺ Zika នៅអាមេរិក ក្នុងឆ្នាំនេះ នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅមុននេះបន្ដិច។

លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា «នៅពេលនេះ ជំងឺ Zika វាបានផ្ទុះឡើង និងរីករាដាលនៅជុំវិញអាមេរិក»។ នៅសប្ដាហ៍ក្រោយ នឹងមានកិច្ចប្រជុំប្រកាសអាសន្នមួយ ដែលអាចនឹងប្រកាសអាសន្នពី​ការរីករាលដាល​នៃ​ជំងឺ Zika ទៅកាន់ពិភពលោក ប៉ុន្តែនៅពេលនេះ ក្រុមការងារសង្គ្រោះបន្ទាន់ ត្រូវបានបង្កើតឡើងរួចរាល់ហើយ ដើម្បី​ឈប់ស្កាត់ជំងឺ Zika។

គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង នៅ​លើ​សត្វ​ស្វា​នៅ​ក្នុង​ឆ្នាំ​១៩៤៧ នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់​ដា​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក​ ហើយ​នៅ​ឆ្នាំ​១៩៥២ ជំងឺ​នេះ បាន​ឆ្លង​ជា​លើក​ដំបូង​មក​មនុស្ស​ តាម​រយៈ​មូស​ខ្លា​ខាំ និង​បាន​រីក​រាល​ដាល​នៅ​តំបន់​អាហ្រ្វិក​ និង​កោះ​មួយ​ចំនួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ អ្នក​ដែល​ឆ្លង​មេរោគ​នេះ នឹង​មាន​អាការៈ ​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឡើង​រមាស់ ឈឺ​សន្លាក់ និង​ភ្នែក​ឡើង​ក្រហម​ ពោល​គឺ​មានអាការៈ​ និង​រោគ​សញ្ញា ដូច​គ្នា​នឹងជំងឺ​គ្រុន​ឈាម​ដែរ​៕

លោកស្រីវេជ្ជបណ្ឌិត Margaret Chan អគ្គនាយកអង្គការ​សុខភាព​ពិភព​លោក (WHO)