(កណ្តាល)៖ សេចក្តីរាយការណ៍សមត្ថកិច្ចខេត្តកណ្តាល បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅម៉ោង៥៖១០នាទី ព្រឹកព្រលឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ នៅចំនុចកំណាត់ផ្លូវជាតិលេខ៤ ចន្លោៈគីឡូម៉ែត្រលេខ៣០-៣១ មុខភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយរថយន្តដឹកទំនិញធុនធំចំនួន២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់អ្នកបើកបរម្នាក់ ខណៈម្នាក់ទៀតរត់គេចយករួចខ្លួនបាត់។

សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តបង្ករដោយរថយន្ត១គ្រឿងម៉ាក់ FUZU (ប្រភេទសណ្ដោងរ៉ឺម៉ក) ពណ៌ខ្លាញ់ក្ដាមពាក់ផ្លាកលេខ ភ្នំពេញ 3C-2236 អ្នកបើកបរ មិនស្គាល់ឈ្មោៈ (រត់គេចខ្លួនបាត់) បានបើកពីទិសខាងកើតទៅលិច (ភ្នំពេញទៅកំពង់សោម) បានជ្រុលចង្កូតទៅបុករថយន្ត១គ្រឿងទៀត ម៉ាក HINO ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3A-0093 បើកបរដោយឈ្មោៈ គង់ ធុល ភេទ ប្រុស រស់នៅភូមិ ស្រែរនោង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យស្លាប់ជាប់ក្នុងកាប៊ីនរថយន្ត ដែលបើក ពីទិសខាងលិចទៅកើត (កំពង់សោម ទៅភ្នំពេញ) ហើយរថយន្តទាំង២ ធ្លាក់ចូលក្នុងប្រឡាយទឹក ខាងត្បូងផ្លូវជាតិ បង្កឲ្យមានការកកស្ទះចរាចរណ៍ផងដែរ។

សមត្ថកិច្ចបញ្ជាក់ទៀតថារថយន្តទាំង០២គ្រឿង កំលាំងជំនាញបានធ្វើការវាស់វែង និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ដើម្បីកសាងសំនុំរឿង តាមនិតិវិធីច្បាប់៕

រថយន្តដឹកទំនិញសណ្តោងរ៉ឺម៉កធុនធំ បុកគ្នានៅស្រុកអង្គស្នួល ស្លាប់អ្នកបើកបរម្នាក់ជាប់ក្នុងកាប៊ីន ម្នាក់ទៀតរត់បាត់

Posted by Fresh News Photo on Thursday, January 28, 2016