(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថប្រឆាំង បទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថ​ខណ្ឌមានជ័យ និងអាវុធហត្ថខណ្ឌដង្កោ នៅវេលាម៉ោងប្រមាណ​ ៩៖៣០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នេះ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ស្ថិតនៅតាម ផ្លូវលេខ៦០ម៉ែត្រ ខាងក្រោយរោងចក្រតាកហ្វាត សង្កាត់ចាក់អង្រែលើ ។

លោក ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ដែលកំពុងដឹកនាំកម្លាំង ចុះបង្ក្រាបនោះ បានប្រាប់ភ្នាក់ងារ Fresh News ថា ប្រតិបត្តិការខាងលើនេះ កម្លាំងបានឃាត់ខ្លួន ជនសង្ស័យ៦នាក់ មានស្រី២នាក់ និងថ្នាំជាង៨០០កញ្ចប់ ព្រមទាំងដកហូត ជញ្ជីងថ្លឹង២ និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត ។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៦នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនភ្លាមៗ ទៅសួរនាំ នៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី ៕