(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងមេបញ្ជាការរង បានដឹកនាំកិច្ចប្រជុំ រៀបចំសណ្តាប់ធ្នាប់ សាធារណៈជូនដល់ពលរដ្ឋ ក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលរៀបចំធ្វើឡើង នៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុកទាំង៩ផងដែរ។
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ គោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជូនដល់ពលរដ្ឋក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុ ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ពេលខាងមុខនេះផងដែរ។
ក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការ បានផ្តាំផ្ញើដល់កងកម្លាំង តាមបណ្តាស្រុកក្រុង ពេលដែលត្រទ្បប់ទៅគោលដៅវិញនោះ ត្រូវខិតខំយកចិត្តទុកដាក់ ជាមួយនិងអាជ្ញាធរស្ថាប័នពាក់ព័ន្ធ។
លោកថា ជាពិសេសជាមួយ និងពលរដ្ឋនាំគ្នា ទប់ស្កាត់បញ្ហាផ្សេងៗ បងធំបងតូច និងពង្រឹងច្បាប់គោលនយោបាយភូមិឃុំ ដើម្បីឲ្យមានប្រសិទ្ធភាព ខ្ពស់ទាំង៩ចំណុច និងអនុវត្តគោរពតាមបទបញ្ជា តាមការណែនាំពីលោកអភិបាលខេត្ត ក៏ដូចជាបទបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសផងដែរ៕