(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យបងប្អូនសាសនិកឥស្លាមកម្ពុជា គោរពប្រតិបត្តិថ្វាយបង្គំជំអាត់ ចាប់ពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ដោយត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់ វាស់កម្តៅ លាងដៃសម្អាតជាប្រចាំនឹងសាប៊ូ អាល់កុល ឬជែល និងត្រូវរក្សាគម្លាតពីគ្នា ១.៥ម៉ែត្រ។
នេះបើតាមការឱ្យដឹងពីលោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស បានឱ្យ Fresh News ដឹងនៅថ្ងៃនេះ។
លោកឧកញ៉ាបានថ្លែងបន្តថា ទន្ទឹមនឹងការអនុញ្ញាតនេះដែរ សម្ដេចតេជោ ក៏បានបង្គាប់ឱ្យសាសនិកឥស្លាមត្រូវយកកម្រាលថ្វាយបង្គំពីផ្ទះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ហាមក្មេង និងអ្នកដែលមានជំងឺផ្សេងៗ។ ការចាប់ដៃ នៅពេលគោរពគារវកិច្ច ត្រូវជំនួសដោយការលើកដៃ និងនិយាយស្វាគមន៍តាមបែបឥស្លាមវិញ ហើយបែកគ្នាវិញភ្លាមក្រោយបញ្ចប់ការថ្វាយបង្គំប្រមាណ ២០-៣០នាទី។
លោកឧកញ៉ាបញ្ជាក់ទៀតថា បន្ទាប់ពីបានថ្វាយនៅរៀងរាល់ថ្ងៃសុក្រ បាន៤ជំអាត់រួច បងប្អូនសាសនិកឥស្លាម នឹងអាចថ្វាយបង្គំជុំគ្នានៅតាមបណ្តាស៊ូរ៉ាវនានា និងសូមបងប្អូនសាសនិក ឥស្លាមទាំងអស់ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល។
ទន្ទឹមនឹងសារដ៏ខ្ពង់ខ្ពស់នេះ ក្រុមសាសនិកឥស្លាមកម្ពុជាទូទាំងប្រទេស បានសំដែងការអបអរសាទរ និងសប្បាយរីករាយយ៉ាងពន់ពេក ដោយបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន តែងតែគិតគូយកចិត្តទុកដាក់មកដល់សាសនិកឥស្លាមកម្ពុជា និងបានបើកទូលាយ ព្រមទាំងអនុវត្តន៍បានល្អនូវគោលនយោបាយសុខដុមនីយកម្ម៕