(ភ្នំពេញ)៖ ស្ត្រីជនជាតិកូរ៉េម្នាក់មិនដឹងមានវិបត្តិអ្វីបានសម្រេចចិត្តលោតសម្លាប់ខ្លួនពីលើអាគារនៃសណ្ឋាគារ SKY LAR ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ៤១ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២៖៤០នាទីរំលងអធាត្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។
សមត្តកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ JANG HEYIYOUNG ភេទស្រី អាយុ៣២ឆ្នាំ ជាជនជាតិកូរ៉េ និងជាអ្នកទេសចរណ៍ស្នាក់នៅក្នុងសណ្ឋាគារ កើតហេតុខាងលើនេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសជនជាតិកូរ៉េម្នាក់ ត្រូវជាសង្សាររបស់ជនរងគ្រោះបានបាត់នារីរងគ្រោះពីបន្ទប់ក៏ដើររកតែរកមិនឃើញ គេមកសួរសន្តិសុខយាមសណ្ឋាគារ ពេលនោះសន្តិសុខបានប្រាប់ថា មុននេះមានឮសូរសម្លេងធ្លាក់អីចូលក្នុងដីឡូត៌ ដែលជាប់និងសណ្ឋាគារក៏នាំគ្នាទៅមើល ក៏ប្រទះឃើញជនរងគ្រោះ(ស្លាប់) បាត់ទៅហើយដោយគ្មានសម្លៀកបំពាក់នៅជាប់ខ្លួននោះទេ។
សមត្ថកិច្ចនគរបាលខណ្ឌចំការមន និងកម្លាំងជំនាញការិយាល័យបច្ចេកទេសនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យក្រោយពីធ្វើការពិនិត្យរួចរាល់ទើបបញ្ជាក់ថា នេះជាករណីធ្វើអត្តឃាតលោតសម្លាប់ខ្លួនឯង។
លុះព្រឹកឡើងថ្ងៃទី០៥ខែឆ្នាំដដែល មាននគរបាលការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យ ស្នងការនគរបាលរាជធានីភ្នំពេញ រួមលោកគ្រូពេទ្យអមសាលាដំបូង ចុះត្រួតពិនិត្យកន្លែងកើតហេតុនិងសព។ ក្នុងនោះបុរសជនជាតិកូរ៉េម្នាក់បានប្រាប់នគរបាលថា ខ្លួននិងជនរងគ្រោះមិត្តស្រីខ្លួន មុនកើតហេតុ១ម៉ោងបានដើរចេញពីបន្ទប់ ចំណែកមិត្តស្រីនៅក្នុងបន្ទប់ម្នាក់ឯងរយៈពេល១ម៉ោង មកដល់ស្រាប់តែគោះទ្វារបន្ទប់គ្មានអ្នកបើកអោយរុញទ្វារជាប់គន្លះ បើកចំហរបានតែបន្តិចលូកដៃបើកខ្លួនឯង តែរកមិនឃើញមិត្តស្រីមិនដឹងបាត់ទៅណា ក្រោយមកបានរត់ចុះមកខាងក្រោមឲ្យសន្តិសុខជួយដើររកទើបឃើញនៅសពនៅក្នុងដីឡូតិ៍ខ្លួនបាក់បែកអស់។
យោងតាមការសន្និដ្ឋានផ្នែកជំនាញករណីអត្តឃាតលោតសម្លាប់ខ្លួនឯង ហើយបច្ចុប្បន្នសពបានយកទៅរក្សាទុកនៅទូររក្សាសពនៅវត្តទឹកថ្លា ដើម្បីទំនាក់ទំនងទៅស្ថានទូតស្វែងរកគ្រួសារជាក្រោយទៀត៕