(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអូរស្វាយ ស្រុកកំពង់សៀម។
ពិធីនេះ មានការចូលរួមពីលោកប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក ឃុំ អភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងសមាជិកសមាជិកា យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក ប៊ិន ឡាដា អភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាប ដោយសង្ខេបអំពីបច្ចុប្បន្នភាព នៃស្ថានភាពជារួមរបស់ស្រុក និងដោយឡែកឃុំអូរស្វាយរួចមក លោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការ ជាប្រធានក្រុមការងារឃុំអូរស្វាយ បានរាយការណ៍ជូនអង្គពិធីជ្រាប អំពីសកម្មភាពរបស់គណបក្ស ក្នុងរយៈពេលកន្លងមក និងដំណើរការសាងសង់ស្នាក់ការ ដែលបានចំណាយថវិកាសរុបជាង៤០,០០០ដុល្លារ ហើយលោកបានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ទោ សោ សាវឿន និងលោកស្រី ដែលបានបរិច្ចាគទីតាំងដីសាងសង់អគារនេះផងដែរ។
នាឱកាសនេះ លោកអភិបាល អ៊ុន ចាន់ដា មានចំណាប់អារម្មណ៍ផងដែរ អំពីសភាពការណ៍ជារួមនៅទូទាំងខេត្ត ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោយឡែក សកម្មភាពគណបក្ស ក្នុងរយៈពេលកន្លងមក។
បន្ទាប់មក លោកប្រធានក្រុមការងារ បានធ្វើការសំណេះសំណាល ជាមួយអង្គពិធីដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ហើយសម្តេចបានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋ ជួបតែពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ភ្ជាប់ទៅនឹងសមិទ្ធផលថ្មីនេះ ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅ លោកប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោកប្រធាន អនុប្រធាន សមាជិកក្រុមការងារឃុំ និងសប្បុរសជន អាជ្ញាធរមូលដ្ឋាន ដែលមានស្មារតីលះបង់យ៉ាងធំធេងទាំងកាយចិត្ត និងបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមគ្នាកសាងស្នាក់ការនេះឡើង ស្របពេលដែលសមាជិក សមាជិកាគណបក្សត្រូវការប្រើប្រាស់ ជាពហុប្រយោជន៍យ៉ាងចាំបាច់។
ឆ្លៀតយកឱកាសនេះ លោកប្រធានក្រុមការងារ វេង សាខុន បានធ្វើការសំណេះសំណាល ជាមួយអង្គពិធីអំពីដំណើរការវិវឌ្ឍន៍រីកចម្រើន សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខស្បៀង និងជាពិសេសការអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី បានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យខិតខំបង្កើនចលនាអភិវឌ្ឍវិស័យកសិកម្ម ឲ្យកាន់តែសកម្មថែមទៀត ដើម្បីបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយៈការចិញ្ចឹមត្រី-កង្កែប ជាលក្ខណគ្រួសារក្នុងក្របខណ្ឌ បច្ចេកទេសសមស្របសាមញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតី តាមគន្លងថ្មីក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។
លោកបានបញ្ជាក់ជូនថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំប្រទេស ប្រកបដោយឆន្ទៈ និងឧត្តមគតិធ្វើយ៉ាងណារក្សាបាននូវសុខសន្តិភាពបានយ៉ាងរឹងមាំ បន្តជំរុញការអភិវឌ្ឍន៍ប្រទេស ធានាបាននូវសន្តិសុខស្បៀង ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយខ្វះស្បៀងបានឡើយ។
ត្រង់ចំណុចនេះ លោកបានណែនាំឲ្យសមាជិកក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តដោយយកចិត្តទុកដាក់ ឈរលើស្មារតី ទទួលខុសត្រូវ អនុវត្តអនុសាសន៍របស់សម្តេចតេជោឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវបន្តចលនា ចុះជាប់មូលដ្ឋានឲ្យកាន់តែសកម្ម ដើម្បីតាមដានការងារ បង្កបង្កើនផល ទទួលយក និងដោះស្រាយបញ្ហាជូនប្រជាជន ឲ្យបានទូលំទូលាយ ទាន់ពេល និងមានប្រសិទ្ធភាព និងត្រូវបន្តរក្សាសុខសន្តិភាព ដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព និងនិរន្តរភាព។
ជាចុងក្រោយ លោកប្រធានក្រុមការងារជាថ្មីម្តងទៀត បានលើកទឹកចិត្តជំរុញ និងគាំទ្រ ឲ្យប្រធានក្រុមការងារ ចុះជួយឃុំត្រូវយកចិត្តទុកដាក់គិតគូ និងរៀបចំ កសាងស្នាក់ការគណបក្ស ឲ្យបានចប់សព្វគ្រប់មុនឆ្នាំ២០២៣។ លោកក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរមូលដ្ឋាន ជួយថែរក្សា ការពារស្នាក់ការនេះ ឲ្យបានគង់វង្សល្អដើម្បីប្រើប្រាស់ ជាពហុប្រយោជន៍តាមការចាំបាច់។
សូមជម្រាបជូនថា នៅទូទាំងស្រុកកំពង់សៀមមាន១៥ឃុំ ក្នុងចំណោមនោះ មាន១០ឃុំ បានសាងសង់ស្នាក់ការគណបក្សរួចរាល់ហើយ ដោយឡែក ៥ឃុំទៀត មិនទាន់មានស្នាក់ការ ក្នុងនោះឃុំខ្លះបានរៀបចំទីតាំងរួចហើយ នៅតែថវិកាដែលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់។
នាឱកាសនេះ ក៏មានពិធីជូនប័ណ្ណសរសើរ ដល់សមាជិក សមាជិកា និងសប្បុរសជនចំនួន៦០នាក់ផងដែរ៕