(រតនគិរី)៖ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបញ្ជាផ្ទាល់ពីលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ដែលបានចាត់មន្ត្រីចត្តាឡីស័កប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅព្រឹកថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០២០នេះ កម្មករជំនាញជនជាតិវៀតណាម៤៥នាក់ (ស្រី១នាក់) ត្រូវបានវាស់កំដៅ និងយកសំណាកទៅពិសោធន៍ នៅប៉ាស្ទ័រភ្នំពេញ។ នេះជាការបញ្ជាក់ឲ្យដឹងពីលោកវេជ្ជបណ្ឌិត អេង គុណវុឍ ប្រធានការិយាល័យគ្រប់គ្រង និងបង្ការជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តរតនគិរី។
លោកថា កម្មករបច្ចេកទេសជនជាតិវៀតណាមទាំងអស់ មុនចូលមកស្រុកខ្មែរ ត្រូវមានសៀវភៅការងារហើយបណ្ណត្រួតពិនិត្យសុខភាពមុន៧២ម៉ោងរួចម្តងហើយ។ លុះមកដល់ច្រកទ្ធារ អន្តរជាតិអូរយ៉ាដាវ ដើម្បីបន្តទៅធ្វើការងារក្នុងក្រុមហ៊ុនចំការកៅស៊ូម៉ាងយ៉ាងខេ និងក្រុមហ៊ុនចំការចេកហ័ងអាញ់ ក្នុងខេត្តរតនគិរី មន្ត្រីចត្តាឡីស័កត្រូវវាស់កំដៅ និងយកសំណាក ទៅមន្ទីរពិសោធន៍ប៉ាស្ទ័រភ្នំពេញ។
លោកបញ្ជាក់ទៀតថា ពួកគាត់មុនអនុញ្ញាតឲ្យចូលបំពេញការងារ គឺដាក់ឲ្យដាច់ដោយឡែកពីគ្នាចំនួន១៤ថ្ងៃសិន ដោយមានគ្រូពេទ្យប្រចាំនៅទីនោះតាមដានសុខភាព និងវាស់កំដៅ២ដងក្នុង១ថ្ងៃ រហូតដល់រយៈពេល១៤ថ្ងៃ យកសំណាកពួកគេទៅមន្ទីរពិសោធន៍ប៉ាស្ទ័រ ឃើញលទ្ធផលអវិជ្ជមានម្តងទៀត ទើបអាចទៅបំរើការរៀងៗខ្លួនបាន។
លោកវេជ្ជបណ្ឌិត អេង គុណវុឍ បានបញ្ជាក់ថា មន្ត្រីចត្តាឡីស័កអនុវត្តការងារដោយរលូន គឺមានការសហការល្អពីកម្លាំងនគរបាលអន្តោប្រវេសន៍ កម្លាំងគយ និងមន្ត្រីស្នាក់ការប្រចាំការច្រកទ្ធារអន្តរជាតិអូរយ៉ាដាវផងដែរ៕