(សៀមរាប)៖ ក្នុងដំណើរបំពេញបេសកកម្ម នាសប្ដាហ៍នេះ នៅក្នុងខេត្តសៀមរាប សម្តេ​ច ហេង សំរិន ប្រធានរដ្ឋសភា ​នៃព្រះរាជាណាចក្រកម្ពុជា ​បានចុះពិនិត្យការដ្ឋាន គម្រោងសាងសង់សំណង់មន្ទីរ​ ជំនាញខេត្តសៀមរាប ដែលបានសម្រេចលទ្ធផល ប្រមាណជា៧០% ហើយ ក្នុងការសាងសង់។

ក្នុងការចុះពិនិត្យរបស់សម្ដេច​ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ គឺមានវត្តមានអមដំណើរដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រីប្រធានមន្ទីរ/អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត​ផងដែរ។

តាមប្រសាសន៍ របស់លោកនាយករដ្ឋបាលសាលាខេត្តសៀមរាប បាន​ប្រាប់អង្គភាព Fresh News ថា ​«គម្រោងសាងសង់មន្ទីរជំនាញ ខេត្តសៀមរាប​នេះ បានចាប់ផ្ដើមសាងសង់ ដោយចំណាយរយៈពេល ២៤ខែ ហើយគ្រោងនឹងត្រូវរួចរាល់ នាកំឡុងខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។ មន្ទីរជំនាញខេត្តសៀមរាប​ សាងសង់លើផ្ទៃដីសរុប ៦ហិកតា និង២ហិកតាទៀត សម្រាប់រៀបចំទីលាន និងសួនសាធារណៈ ស្ថិតក្នុងភូមិចុងកៅស៊ូ​ សង្កាត់ស្លក្រាម​ ក្រុង-ខេត្តសៀមរាប»

លោកបានបញ្ជាក់ថា​ «សំណងនេះមាន២៦អាគារ (ភ្លោះ) សម្រាប់មន្ទីរ​ អង្គភាពទាំងអស់ចំណុះ​ ឲ្យសាលាខេត្តសៀមរាប។ ​ម្ចាស់គម្រោង គឺសាលាខេត្តសៀមរាប និងប្រភពថវិកា​បានមកពីអាជ្ញាធរអប្សរា ​ហើយរហូតដល់ពេលនេះ គឺគម្រោង​ដំណើរការសម្រេច បានប្រមាណជា៧០%ហើយ»