(កណ្ដាល)៖ មិត្តភក្ដិស្រី រៀបកលល្បិចមនោសញ្ចេតនា បោកប្រាស់លុយមិត្តភក្ដិស្រីដូចគ្នា អស់លុយ១ម៉ឺនដុល្លារ តាមរយៈការខ្ចីលុយជាបន្តបន្ទាប់ ក្រោមហេតុផលថា ឪពុកជាមិត្តភក្ដិប្រុសម្នាក់ទៀត ដែលបានណែនាំឲ្យស្គាល់តាមរយៈ Facebook ឈឺធ្ងន់ ហើយខ្ចីលុយជាបន្តបន្ទាប់ សរុប១ម៉ឺនដុល្លារ ហើយមិនសង ចុងក្រោយប្ដឹងសមត្ថកិច្ច តាមចាប់ខ្លួនយកទៅអនុវត្តន៍នីតិវិធី។

ទម្រាំតែស្រាវជ្រាវចាប់ខ្លួនត្រូវប្ដឹងនេះ សមត្ថកិច្ចប្រើប្រាស់រយៈពេលមួយរយៈខ្លី ពោលគឺចាប់ខ្លួនបាន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដោយកម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្ដាល នៅចំណុចភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុម តូច ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ៗ រីឯជនសង្ស័យមានគ្នាចំនួន២នាក់ តែចាប់បានម្នាក់៖ ឈ្មោះ ផន ណារី ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ ផន ណារី, ឈ្មោះ Phan Nha (ឃាត់ខ្លួន) លេខទូរស័ព្ទ និងម្នាក់ទៀត ឈ្មោះ ផាត់ (ប្រើអាខោនហ្វេសប៊ុកឈ្មោះ រដ្ឋ ថា) ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ បានរត់គេចខ្លួន។

ប្រភពដដែលបានរៀបរាប់ដំណើររឿងដូចខាងក្រោម៖

កាលពីថ្ងៃមិនចាំអំឡុងឆ្នាំ២០២០ ឈ្មោះ ផន ណារី ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរលាំងកែនស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ប្រើអាខោនហ្វេសប៊ុកឈ្មោះ ផន ណារី) ជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ បានណែនាំឲ្យជនរងគ្រោះ ស្គាល់បុរសម្នាក់ដែលប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ (រដ្ឋ ថា) បន្ទាប់ពីជនរងគ្រោះ បានឆាតទំនាក់ទំនង ជាមួយ អាខោនហ្វេសប៊ុកឈ្មោះ រដ្ឋ ថា បានមួយ រយៈក្រោយឈ្មោះ ផន ណារី បានប្រាប់ជនរងគ្រោះថា ឪពុករបស់ឈ្មោះ រដ្ឋ ថា ហើយត្រូវការលុយ ហើយឈ្មោះ ផន ណារី បងឯងផ្ញើលុយឲ្យគាត់ទៅ ព្រោះខ្ញុំស្គាល់ឈ្មោះ រដ្ឋ ថា ច្បាស់ណាស់។

ប្រភពរៀបរាប់បន្តថា ឈ្មោះ ផន ណាវី បានខលប្រាប់ជនរងគ្រោះថា ស្គាល់កន្លែងធ្វើការនិងក្រុមគ្រួសាររបស់ឈ្មោះ រដ្ឋ ថា ច្បាស់ណាស់និងមានមុខងារ ជាទាហានថែមទៀត។ ឈ្មោះ រដ្ឋ ថា បានឆាតជាអក្សរមក Facebook Messenger របស់ជនរងគ្រោះ ដើម្បីខ្ចីលុយចំនួន ១,០០០ដុល្លារ (មួយពាន់ដុល្លារ) ហើយឈ្មោះ រដ្ឋ ថា បានប្រាប់ជនរងគ្រោះថា ឪពុកគាត់ឈឺធ្ងន់ហើយឲ្យជនរងគ្រោះ វេរលុយតាមវីងទៅលេខទូរស័ព្ទ ០៩៣ ២៧៥ ៨០៣ ជនរងគ្រោះ ក៏ចាប់ផ្ដើមផ្ញើជាបន្តបន្ទាប់តាម លេខទូរស័ព្ទ ០៩៣ ២៧៥ ៨០៣ ដដែលចំនួន២១លើក វេរតាមវីងចំនួន១៧លើក តាមទ្រូម៉ានី៤លើក សរុបទឹកប្រាក់ ចំនួន១០,០០០ដុល្លារ។

ប្រភពដដែលបញ្ជាក់ថា ស្រាប់តែថ្ងៃមួយឈ្មោះ ផន ណារី បានខលមកជនរងគ្រោះថា ឲ្យដុតក្រដាសផ្ញើលុយទាំងអស់នោះចោលទៅ ហើយឈ្មោះ ផន ណាវី បានមកដល់ផ្ទះជនរងគ្រោះ ហើយសុំមើលក្រដាសវីង (ផ្ញើលុយ) ប៉ុន្តែជនរងគ្រោះមិនឲ្យ ឈ្មោះ ផន ណារី បានគំរាមថា បើឪពុកម្តាយ ជនរងគ្រោះ ដឹងរឿងទាំងអស់នេះ គាត់នឹងឈឺស្លាប់។

ដោយមានការសង្ស័យជនរងគ្រោះ ក៏បានហៅឈ្មោះ ផន ណារី ឲ្យជូនទៅជួបឈ្មោះ រដ្ឋ ថាតែ ឈ្មោះ ផន ណារី មិនព្រមជូនជនរងគ្រោះទៅនោះទេ ហើយឈ្មោះ ផន ណារី ក៏បាត់ខ្លួន ចាប់តាំងពីពេលដែល ជនរងគ្រោះ ឲ្យជូនទៅជួបឈ្មោះ រដ្ឋ ថា នោះតែម្តង។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ឈ្មោះ ផន ណារី : ពិតជាបានសមគំនិតគ្នាជាមួយអាខោនហ្វេសប៊ុក ឈ្មោះ រដ្ឋ ថា បោកលុយពីជនរងគ្រោះ អស់ចំនួន ១០,០០០ដុល្លារ ពិតប្រាកដមែន។

ចំពោះករណីនេះ ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី៕