(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការសម្រួលឲ្យសាសនិកឥស្លាមគោរពប្រតិបត្តិសកម្មភាពជំនឿសាសនាខ្លួន នៅតាមវិហារ និងសូវ៉ាវ ជាដំណាក់ៗ ដោយអនុវត្តចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០តទៅ។
សេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល ក៏បានណែនាំចំពោះការចូលថ្វាយបង្គំតាមវិហារ និងសូរ៉ាវ ដែលសាសនិកឥស្លាមរស់នៅក្នុងភូមិអចិន្ត្រៃយ៍ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្លួនតាមវិធានរបស់ក្រសួងសុខាភិបាល ដូចជា៖
*ទី១៖ ពាក់ម៉ាស់ វាស់កម្ដៅ លាងដៃជាប្រចាំនឹងសាប៊ូ អាល់កុលឬជេល និងមានគម្លាតពីគ្នាយ៉ាងតិច ១.៥ម៉ែត្រ
*ទី២៖ សាសនិកឥស្លាមត្រូវយកកម្រាលថ្វាយបង្គំពីផ្ទះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
*ទី៣៖ ហាមក្មេង និងអ្នកដែលមានជំងឺផ្សេងៗចូលរួម
*ទី៤៖ ហាមចាប់ដៃគ្នានៅពេលគោរពគារវកិច្ច ដោយជំនួសជាការលើកដៃ និងនិយាយពាក្យស្វាគមន៍បែបឥស្លាមវិញ ហើយបែកគ្នាភ្លាមក្រោយបញ្ចប់ ការថ្វាយបង្គំប្រមាណ ២០-៣០នាទី
*ទី៥៖ ការជួបជុំថ្វាយបង្គំនៅថ្ងៃសុក្រ គឺការបួងសួងសូត្រសេចក្ដីណែនាំខ្លីៗ មិនឲ្យលើសពី៣០នាទី
*ទី៦៖ ត្រូវរក្សាគម្លាតសង្គម ដោយអនុញ្ញាតឲ្យចូលថ្វាយបង្គំប្រមាណ ៣០% នៃចំណុះទីតាំងវិហារនីមួយៗ។
ក្រសួងសុខាភិបាល បានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំឥស្លាម សូមចាប់ផ្តើមប្រតិបត្តិជាជំហានៗ ដំណាក់កាលដំបូងនេះ នាថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ដោយសារកល្បងរយៈពេល៤សុក្រ ហើយបន្ទាប់មកចាប់ផ្តើមថ្វាយបង្គំជុំគ្នានៅតាមសូរ៉ាវ ដោយអនុវត្តវិធាន ការការពារសុខភាពរបស់ ក្រសួងសុខាភិបាលជានិច្ច។
គណៈឥស្លាមត្រូវតាមដាន ត្រួតពិនិត្យអនុវត្តការបើកដំណើរការ នេះឲ្យបានហ្មត់ចត់ជាទីបំផុត។ ក្នុងករណី ដែលមានបញ្ហាទាក់ទងនឹងការសង្ស័យថា មានជំងឺកូវីដ-១៩ ជាយថាហេតុ សូមគណៈដឹកនាំវិហារនីមួយៗ រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យសាសនិកឥស្លាមកម្ពុជា គោរពប្រតិបត្តិថ្វាយបង្គំជំអាត់ ចាប់ពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ដោយត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល។ នេះបើតាមការឲ្យដឹងពី ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News៕