(ក្រចេះ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលមានក្រសួងបរិស្ថានជាសេនាធិការ កម្ពុជាបាននឹងកំពុងបោះជំហ៊ានទៅលើឧស្សាហកម្មដាំចម្ការឈើកែច្នៃ ដើម្បីលើកស្ទួយសេដ្ឋកិច្ច រដ្ឋាភិបាលបាននឹងកំពុងជំរុញឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើនដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព ចូលរួមក្នុងការថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន សូមគាំទ្រលើការវិនិយោគចម្ការឈើដាំដែលជាពិតជាមានសារៈសំខាន់ ព្រោះវានឹងជួយកាត់បន្ថយសម្ពាធមកលើការប្រើប្រាស់ឈើធម្មជាតិ ហើយការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។ ការបង្កើតចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងអាចលក់តួនាទីរបស់ព្រៃឈើក្នុងក្របខណ្ឌឥណទានកាបូន។
ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចនៅក្នុងក្រុមហ៊ុន ស៊ីងបាយអូថិក ក្នុងខេត្តក្រចេះ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ ដែលខ្លួនមានដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង ដែលរហូតមកទល់ពេលនេះតំបន់ការពារពារធម្មជាតិចំនួន ៦៦កន្លែង និងមានផ្ទៃដីជាង ៧,៣លានហិកតាស្មើប្រមាណជាង ៤១% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន»។
រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងតែជំរុញឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើនដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព ចូលរួមក្នុងការថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្តថា ការវិនិយោគចម្ការឈើដាំនឹងជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកបដោយនិរន្តរភាព។
ខណៈធនធានធម្មជាតិព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី ប្រជាពលរដ្ឋនៅលើពិភពលោកបច្ចុប្បន្នដូចជានៅអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម បានជ្រើសរើសមិនប្រើប្រាស់គ្រឿងសង្ហារឹម ដែលផលិតពីឈើធម្មជាតិ ប៉ុន្តែគាំទ្រប្រើប្រាស់គ្រឿងសង្ហារឹម ដែលផលិតចេញពីវត្ថុធាតុដើមពីចម្ការឈើដាំ ដែលក្រុមអ្នកជំនាញយល់ឃើញថា វាបានកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ និងធ្វើឱ្យធនធានធម្មជាតិព្រៃឈើត្រូវបានថែរក្សាគង់វង្ស។
លោកបានគូសបញ្ជាក់បន្ថែមថា «ប្រទេសកម្ពុជាជាប្រទេសមួយដែលកំពុងតែអភិវឌ្ឍ ដែលទាមទារឱ្យមានការសាងសងច្រើន ហើយមួយផ្នែកជាសំណង់បេតុងនេះ គឺតម្រូវការក្តាកុងផ្លាកកេជាទម្រ ដូច្នេះ ការវិនិយោគលើឈើដាំរបស់ក្រុមហ៊ុន ជាផ្នែកមួួសម្រាប់ក្រសូងបរិស្ថាន គឺយើងគាំទ្រដោយសារតែចម្ការឈើដាំនេះ ជាផ្នែកមួយដែលបម្រើដល់វិស័យឧស្សាហកម្មកែច្នៃឈើ ក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានតម្រូវការយ៉ាងច្រើន បើតាមតួលេខក្រុមហ៊ុនដែលវិនិយោគកែច្នៃឈើ មានចំនួនរហូតជិតទៅដល់៣០ ក្រុមហ៊ុនឯណោះ គឺនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងនៅក្នុងផ្ទៃប្រទេសក៏មាន»។
លោក នេត្រ ភក្ត្រា បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ តាមការស្រាវជ្រាវកន្លងមកបានបញ្ជាក់ឱ្យដឹងថា នៅអំឡុងឆ្នាំ១៩៦២ កម្ពុជាមានប្រជាជន៥.៧៤លាននាក់ រីឯគម្របព្រៃឈើតាមការវាយតម្លៃនៅឆ្នាំ១៩៦៤ គឺមានទំហំ១៣២ ២២១គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៣% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ហើយមកដល់ឆ្នាំ២០១៨ បានធ្លាក់ចុះមកនៅ ៤៧,៩៧% នៃផ្ទៃប្រទេស ខណៈចំនួនប្រជាជនកម្ពុជាបានកើនឡើងរហូតដល់ជាង ១៦លាននាក់។ នេះបញ្ជាក់ឱ្យឃើញថា កត្តាមនុស្សជាហេតុផលចម្បងដែលធ្វើឱ្យព្រៃដីព្រៃឈើមានការធ្លាក់ចុះ ហើយផ្ទៃដីកសិកម្ម និងលំនៅដ្ឋានត្រូវ បានជំនួសវិញ។ អាត្រាបាត់បង់គម្របព្រៃឈើជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ០,៥% បើធៀបនឹងផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «ទីតាំងដែលក្រុមហ៊ុន ស៊ីងបាយអូថេក ទទួលបានសិទ្ធិឈូសឆាយដី ពីក្រសួងកសិកម្ម និងរដ្ឋបាលព្រៃឈើ ដើម្បីដាំចម្ការឈើនេះ ជាតំបន់ព្រៃឈើរិករិល ហើយផ្ទៃដីដែលក្រុមហ៊ុនបានទទួលនេះ មានចំនួន៣ម៉ឺន ៤ពាន់ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ទាំងនេះជាផ្នែកមួយជំរុញទៅលើការកែច្នៃឈើ។ កម្ពុជា បាននឹងកំពុងតែបោះជំហ៊ាន ទៅលើឧស្សាហកម្មដាំចម្ការឈើកែច្នៃ ពីព្រោះឧស្សាហកម្មនេះ បានចូលរួមយ៉ាងច្រើនទៅលើផ្នែកសេដ្ឋកិច្ចជាតិ ទាំងការផលិតសម្ភារ ដើម្បីបម្រើបំម្រាស់ព្រមទាំងការនាំចេញ ហើយកត្តាសំខាន់គឺតម្រូវការក្តារកុងផ្លាកកេ លើវិស័យសំណង់ជាដើម»។
លោកបានឱ្យដឹងថា យោងតាមទិន្នន័យរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឈើកែច្នៃជាច្រើនម៉ឺនម៉ែត្រគូបត្រូវបានផលិតនិងនាំចេញទៅលក់នៅក្រៅប្រទេស ហើយដោយសារតែវត្ថុធាតុដើមឈើកែច្នៃនៅក្នុងស្រុក មិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ក្រុមហ៊ុនកែច្នៃឈើជាក្តារកុងប៉ាកេ ការ៉ូឈើ និងគ្រឿងសង្ហារឹម សម្ភារផ្ទះបាយ តុទូ និងសម្ភារផ្សេងៗបាននាំចូលវត្ថុធាតុដើមជាឈើដាំពីបរទេសអាស្រ័យលើការបញ្ជាទិញពីអតិថិជន។ ក្រុមហ៊ុនមួយចំនួនបានទទួលទិញឈើប្រភេទដើមអាកាស្យាពី អ្នកដាំក្នុងស្រុកមកធ្វើការកែច្នៃ។
បើតាមទិន្នន័យដដែល បានបញ្ជាក់ថា ផលិតផលឈើកែច្នៃដែលផលិតនៅកម្ពុជា បាននាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ក្រុមហ៊ុនកែច្នៃបានស្វាគមន៍ចំពោះគម្រោងការដាំឈើ សម្រាប់កែច្នៃព្រោះ ប្រសិនបើមានវត្ថុធាតុដើមឈើកែច្នៃនៅក្នុងស្រុកកាន់តែច្រើន នឹងចូលរួមកាត់បន្ថយការនាំចូលឈើកែច្នៃពីក្រៅប្រទេស ហើយក្រុមហ៊ុនត្រៀមទទួលទិញដើម្បីកែច្នៃ។
ការអភិវឌ្ឍចម្ការឈើដាំមានគុណតម្លៃក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមឈើ សម្រាប់ឧស្សាហកម្មកែច្នៃឈើ ខណៈការសាងសង់សំណង់នៅកម្ពុជា បាននិងកំពុងរីកចម្រើន និងកើនឡើងខ្ពស់ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលគម្រោងសាងសង់អគារថ្មីៗជាច្រើនកើតឡើងស្គុះស្គាយ។
បច្ចុប្បន្នដោយសារតែការផលិតក្នុងស្រុកមិនទាន់គ្រប់គ្រាន់ កម្ពុជាក៏បាននាំចូលឈើកែច្នៃពីបរទេសផងដែរ។ ចម្ការឈើដាំផ្តល់ផលប្រយោជន៍បង្កើតការងារជូនប្រជាពលរដ្ឋជាច្រើននាក់ក្នុងដំណើរការដាំដុះ និងប្រមូលផល ព្រមទាំងការកែច្នៃ។ ដូចនៅប្រទេសវៀតណាម ដែលពួកគាត់ដាំចម្ការឈើដាំ បាននាំចេញទៅកាន់អឺរ៉ុបក្នុងមួយឆ្នាំទទួលបានចំណូលរាប់ពាន់លានដុល្លារ និងបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។
ភាពជោគជ័យរបស់វៀតណាម ក្នុងការរកចំណូល ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំពីឧស្សាហកម្ម កែច្នៃឈើ និងមេរៀនសម្រាប់កម្ពុជា។ ប្រទេសវៀតណាម កំពុងទទួលជោគជ័យយ៉ាងធំធេងក្នុងការនាំផលិតផលឈើកែច្នៃចេញទៅក្រៅប្រទេស។ ទីផ្សារផលិតផលឈើពិភពលោក មានទំហំប្រមាណ ២០០ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនស៊ីង បាយអូថេក ទទួលបានទទួលការអនុញ្ញាតត្រឹមត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្នុងការឈូសឆាយលើផ្ទៃដីទាំងអស់ ដែលជាផ្ទៃដីព្រៃរិចរិលស្ថិតក្នុងទំហំដីដែលបានទទួល សិទ្ធិប្រើប្រាស់សម្រាប់ធ្វើចម្ការឈើដាំបម្រើ ក្នុងវិស័យឧស្សាហកម្ម ហើយក្រុមហ៊ុនបានបង់ថ្លៃសួយសារ និងបុព្វលាភផលអនុផលព្រៃឈើ ដែលបានពីការឈូសឆាយដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅក្នុងអនុតំបន់ ផ្សេងៗរបស់ខ្លួនស្របតាមគោលការណ៍ច្បាប់កំណត់។
បើតាមលោក សាន សុខហៀង ជាតំណាងក្រុមហ៊ុនស៊ីងបាយអូថេក បានឱ្យដឹងថា ក្រោយពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីនៅចុងឆ្នាំ ២០១៨ ក្រុមហ៊ុនស៊ីងបាយអូថេក បានរៀបចំផែនការវិនិយោគរបស់ខ្លួន ដោយបានកំណត់ផែនការដាំកូនឈើជាង ៣០លានដើម ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ នៅលើផ្ទៃដី ៣៤០០៧ ហិកតា របស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងស្រុកសៀមបូក ក្នុងខេត្តស្ទឹងត្រែងដែលទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាល ព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។
លោក សាន សុខហៀង បានបន្តថា នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ គឺពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២៤ ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Bio-Tech) មានផែនការដាំកូនឈើជាង ៣០លានដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំងជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់ សំណង់ផ្សេងៗ ដែលកំពុងតែរីកដុះដាល យ៉ាងច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុជាដើម។
លោក សាន សុខហៀង បានបញ្ជាក់ថា ក្រុមហ៊ុនបានខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់បម្រើវិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់នៅក្នុងតំបន់នោះ ដែលមានដីទំនេរ ដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនជីវភាពរបស់ពួកគាត់។ ក្រុមហ៊ុនសូមប្រកាសស្វែងរកដៃគូសហការផ្សេងទៀតដែរក្នុងការវិនិយោគដាំចម្ការឈើ។ ចម្ការឈើដាំនេះបានបង្កើតការងារជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ បង្កើតការងារនៅមូលដ្ឋាន ផ្តល់ប្រាក់ចំណូល និងបង្កើនជីវភាពប្រជាពលរដ្ឋ៕