(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារខណ្ឌ និងប្រជាការពារខណ្ឌ សហការជាមួយ រដ្ឋបាលសង្កាត់បឹងកេងកងទី២ និងទី៣ ចុះធ្វើអនាម័យប្រមូលសំរាម និងលះ កាប់ដើមឈើ ដែលដុះតាមដងប្រឡាយ លូ នៅបណ្តោយផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកងទី២ និងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ខណៈចុះរើសសំរាម កាប់លះដើមឈើ ដើមស្មៅ ដុះតាមមាត់ប្រឡាយនេះ លោកអភិបាលខណ្ឌបឹងកេងកង ក៏បានជំរុញទៅដល់ផ្នែក ខាងគ្រឿងចក្រ ឲ្យពន្លឿន ក្នុងការកាយដីភក់នៅបាតប្រឡាយ កាយយកកាកសំណល់ផ្សេងៗ ដើម្បីបើកមុខទឹកហូរបានលឿន នៅពេលមេឃភ្លៀងធ្លាក់មកម្ដងៗនោះ កុំឲ្យទឹកជន់លិច ឬដក់នៅលើផ្លូវ ឬហៀរហូរលំនៅស្ថានប្រជាជន នៅស្របដងប្រឡាយនោះ។
ជាមួយគ្នានេះដែរ បងប្អូនប្រជាជនគាត់ចេញមកទទួលស្វាគមន៍ និងជួបសំណេះសំណាល ជាមួយបងប្អូនប្រជាជន ដោយលោកអភិបាលខណ្ឌ គាត់បានទទួលយក រាល់ការសំណូមពរ របស់ពួកគាត់ផ្សេងៗ ដើម្បីដោះស្រាយ។ ហើយលោកក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាអនាម័យជាប់ជាប្រចាំ ដោយលាងដៃ ជាមួយទឹកអាកុលនិងពាក់ម៉ាសផងដែរ ដើម្បីការពារបង្ការជំងឺ Covid-19។
លោក ធឹម សំអាន ក៏សូមអំពាវនាវឲ្យបងប្អូនប្រជាជនទាំងអស់ ចូលរួមសម្អាតអនាម័យឲ្យបានគ្រប់ៗគ្នា ដើម្បីបរិស្ថានស្អាត ទីក្រុងស្អាត គ្មានសំរាមលើដងវិថី និងក្នុងទឹកប្រឡាយផងដែរ ពោលគឺក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នាផងដែរ។
ជាមួយគ្នានេះ លោក ធឹម សំអាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយលូ និងអ្នកធ្វើដំណើរ កុំចោលសំរាមដាក់ប្រឡាយលូនេះ និងសូមមេត្តាចូលរួមធ្វើការសម្អាត និងអនាម័យឲ្យបានស្អាត ពិសេសសូមវេចខ្ចប់ទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត និងមិនមានសំរាម បណ្តាលឲ្យស្ទះលូ ទឹកហូរមិនបានល្អ ធ្វើឲ្យជន់លិចក្នុងរដូវភ្លៀងធ្លាក់នេះ៕