(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អមដំណើរដោយគណៈប្រតិភូ និងមន្ត្រីជំនាញរបស់ក្រសួង បានអញ្ជើញមកធ្វើទស្សនកិច្ច និងត្រួតពិនិត្យការរៀបចំការត្រៀមលក្ខណៈបើកដំណើរការឡើងវិញរបស់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្នុងដំណាក់កាលទី២។
ឆ្លៀតឱកាសនោះដែរ លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានជម្រាមជូនរដ្ឋមន្ត្រី និងសហការី អំពីវិធានការនានា ដែលសាកលវិទ្យាល័យបានរៀបចំដោយម៉ត់ចត់បំផុត និងបន្តត្រួតពិនិត្យជាប្រចាំ សម្រាប់បើកដំណើរការការសិក្សាក្នុងដំណាក់កាលទី២ ស្របតាម «សេចក្ដីណែនាំ ស្ដីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជនក្នុងដំណាក់កាលទី២» របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។
ទន្ទឹមនោះដែរ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញមកធ្វើទស្សនកិច្ច និងត្រួតពិនិត្យការរៀបចំគ្រប់ផ្នែករបស់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្នុងការអនុវត្តគោលការណ៍ប្រតិបត្តិ ស្តង់ដា (SOP) និងសេចក្ដីណែនាំរបស់ក្រសួង៕