(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្ដែងនូវការព្រួយបារម្ភពីការខ្វះទឹកស្រោចស្រពដំណាំកសិកម្ម របស់ប្រជាពលរដ្ឋក្នុងឆ្នាំនេះ ដោយសារតែមកដល់ពេលនេះ ទឹកភ្លៀងនៅមានកម្រិត ចំណែកទឹកទន្លេមេគង្គក៏មានកម្រិតទាបជាងឆ្នាំមុននៅឡើយ។
ការសម្តែងការព្រួយបារម្ភបែបនេះ របស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានបង្ហាញក្តីព្រួយបារម្ភយ៉ាងដូច្នេះថា៖ សូមស្នើសូមឱ្យអាជ្ញាធរ ភូមិ ឃុំ និងស្រុក បន្តការជំរុញដល់ប្រជាពលរដ្ឋ ក្នុងការបង្កបង្កើតផល ជាពិសេសពេលនេះ គឺភ្លៀងបានធ្លាក់ហើយ ដូច្នេះសូមកុំទុកដីឱ្យទំនេរ ហើយក៏ត្រូវគិតទុកជាមុនអំពីការរក្សាប្រភពទឹកផងដែរ។ ពីព្រោះមកដល់ពេលនេះ ទឹកភ្លៀងនៅមានកម្រិត ហើយទឹកជំនន់មានកម្ពស់ទាបជាងឆ្នាំមុន ប្រហែលជា៦ម៉ែត្រ បើគិតត្រឹមថ្ងៃជាមួយគ្នាខែជាមួយគ្នានេះ បើដូច្នេះ ប្រជាកសិករយើង អាចជួបនូវវិបត្តិខ្វះទឹក ពិសេសប្រជាពលរដ្ឋដែលរស់នៅស្របតាមដងទន្លេមេគង្គ គឺអាចប្រឈមនឹងការខ្វះទឹកដើម្បីបង្កបង្កើនផល»។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរភូមិ ឃុំណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់ចេះសន្សំទឹកទុកសម្រាប់ប្រើប្រាស់ ហើយប្រសិនបើប្រជាពលរដ្ឋជួបនូវបញ្ហាផ្សេងៗ សូមប្រញាប់រាយការណ៍មកអាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត ដើម្បីរកលទ្ធភាព ក្នុងការជួយដោះស្រាយនូវបន្ទុក កង្វល់ជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។
ស្ថិតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ដែលមានរយៈពេល១៥ថ្ងៃ លោក អ៊ុន ចាន់ដា ក៏បានណែនាំដល់ក្របខណ្ឌមន្ត្រីទូទាំងខេត្ត សូមជំរុញការពារកុំឱ្យមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា និងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ៕