(បន្ទាយមានជ័យ)៖ ផ្ទះមួយខ្នងទំហំ៤ គុណ៧ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ ត្រូវបានចាប់ផ្តើមសាងសង់ជូនលោកយាយ យិន ឈឿន អាយុ៧៨ឆ្នាំ រស់នៅភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដែលមានជីវិភាពខ្វះខាត និងមានជំងឺប្រចាំកាយ។
ពិធីសាងសង់ផ្ទះនេះ បានធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលដឹកនាំដោយក្រុមការងារយុវជនលោក កែ សួនសុភាព អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាមេបញ្ជាការតំបន់ប្រតិបត្តការសិករងខេត្តបន្ទាយមានជ័យ អាជ្ញាធរ ស្រុក ឃុំ កងម្លាំងមានសមត្ថកិច្ចបានចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយភាពស្និតស្នាលជាទីបំផុត។
លោក កែ សួនសុភាព បានឱ្យដឹងថា ដោយមានការគិតគូរយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំពិសេសឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី លោកទាំងទ្វេរបានចាត់ឱ្យក្រុមការងារមានយុវជន និងថ្នាក់ដឹកនាំរួមនឹងកងកម្លាំងបានចុះជួយសាងសង់ផ្ទះជូនលោកយាយ យិន ឈឿន អាយុ៧៨ ដែលមានជីវភាពខ្វះខាត គ្មានផ្ទះស្នាក់នៅណាមួយមានជំងឺប្រចាំកាយផងដែរ។ ដោយមើលឃើញពីទុក្ខលំបាកនេះឧបនាយករដ្ឋម ន្ត្រី កែ គឹមយ៉ាន និងលោកស្រីក៏បានផ្តល់ជូនជាផ្ទះ១ខ្នងនេះ ជូនលោកយាយដើម្បីមានផ្ទះស្នាក់នៅសមរម្យ។
លោកយាយ យិន ឈឿន ក៏បានសម្តែងនូវក្តីរីករាយជាខ្លាំងនៅពេលឃើញក្រុមការងារ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ដែលបានផ្តល់ជូនផ្ទះ១ខ្នងជូនគាត់ ដែលកន្លងមកគាត់មិនមានផ្ទះរស់នៅ ណាមួយមានជំងឺប្រចាំកាយ រាល់ថ្ងៃរកបន្លែបង្កា ត្រកួនប្រលឹតបានបន្តិចបន្តួច ដើម្បីលក់បានថវិកាខ្លះសម្រាប់ទប់ទល់ការចំណាយប្រចាំថ្ងៃ។
ព្រមជាមួយគ្នានោះក្រុមការងារក៏បាននាំយកអំណោយរួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, គ្រឿងឧបភោគបរិភោគ, មុង, ភួយ, កន្ទេល ថ្នាំពេទ្យ សម្ភារមួយចំនួន រួមនឹងបានផ្តល់ជូននូវថវិកាចំនួន៥០ម៉ឺនរៀល ជូនលោកយាយផងដែរ៕