(កំពត)៖ ឆ្នេរខ្សាច់សប្បនិមិត្ត ឬឆ្នេរមាសតេជោសែនថ្មីមួយ ត្រូវបានបង្កើតឡើងជារូបរាងនៅពេលឆាប់ៗខាងមុខនេះ ក្រោមកិច្ចប្រជុំពិនិត្យពិភាក្សាលើខ្លឹមសារសេចក្តីព្រាង នៃសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំយន្តការគ្រប់គ្រង និងជំរុញភាគីពាក់ព័ន្ធឲ្យពន្លឿនការអភិវឌ្ឍន៍គម្រោងវិនិយោគ បង្កើតតំបន់ឆ្នេរខ្សាច់មួយកន្លែងខាងលើ ស្ថិតនៅទីតាំង នៃភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពត នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីលោក ជាវ តាយ អភិបាលខេត្ត។
គម្រោងអភិវឌ្ឍបង្កើតតំបន់ឆ្នេរខ្សាច់ថ្មីសិប្បនិមិត្តនេះ រដ្ឋបាលខេត្តកំពត បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនវិនិយោគឯកជន (IGB) Cambodia CO.LTD ដែលបានអនុវត្តអស់រយៈពេលប្រមាណ ២ឆ្នាំរួចមកហើយ លើផ្ទៃដីប្រមាណ ២៣៤ហិកតា ដោយមានការបែងចែកផលប្រយោជន៍តាមសមាមាត្រផ្ទៃដី៦០% សម្រាប់ក្រុមហ៊ុន IGB Cambodia CO.LTD និងផ្ទៃដី៤០%ទុកជូនរដ្ឋក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពត ពោលគឺក្រុមហ៊ុន IGB គ្រប់គ្រងលើផ្ទៃដីទំហំ១២០ហិកតា រដ្ឋបាលខេត្តកំពតទំហំផ្ទៃដី ៨០ហិកតា និង៣៤ហិកតាទៀតសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ។
លោក ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើតួនាទីភារកិច្ច តាមអនុគណៈកម្មការ នីមួយៗ ដើម្បីបង្កឲ្យមានភាពងាយស្រួល ក្នុងការអនុវត្តន៍ការងារត្រួតពិនិត្យ និងគ្រប់គ្រងការអភិវឌ្ឍរបស់ក្រុមហ៊ុន ( IGB) សំដៅធ្វើយ៉ាងណាឲ្យគម្រោងមួយនេះមានការអភិវឌ្ឍ បានលឿនឆាប់រហ័ស។
ពិសេសគឺការសម្រេចជាលទ្ធផលជារូបរាងឡើង ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិ បានមកលំហែកម្សាន្តនៅពេលខាងមុខឆាប់ៗនេះ។ លោកអភិបាលខេត្ដក៏បានសង្ឃឹមថា ក្រុមហ៊ុន IGB និងរដ្ឋបាលខេត្តកំពត សហការគ្នាបានល្អ ដើម្បីធ្វើឲ្យតំបន់ឆ្នេរទេសចរណ៍មួយនេះធានាឲ្យការអភិវឌ្ឍន៍គម្រោងបានតាមផែនការ ប្រកបដោយប្រសិទ្ធភាពគុណភាព សុវត្ថិភាព សោភ័ណភាពធានានូវស្ថេរភាពបរិស្ថាន តាមប្លង់គោលមេអភិវឌ្ឍន៍ បង្កើតបានជាផលិតផលទេសចរណ៍ថ្មី ក្នុងការទាក់ទាញទេសចរណ៍មកកាន់ខេត្តកំពត ឲ្យបានកាន់តែច្រើនឡើងថែមទៀត។
សូមបញ្ជាក់ថា ខេត្តកំពតមានសក្ដានុពលវិស័យទេសចរណ៍ជាច្រើន ប៉ុន្តែក្នុងចំណោមខេត្តទាំង៤ ជាប់មាត់សមុទ្រ ខេត្តកំពត នៅមិនទាន់មានតំបន់ឆ្នេរខ្សាច់ បម្រើដល់ការលំហែកាយកម្សាន្ត ជូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានមកសម្រាក ងូតទឹកសមុទ្រនៅឡើយទេ។
ផ្តើមចេញមូលហេតុខាងលើនេះ កិច្ចប្រជុំនេះ ក៏បានពិភាក្សាជំរុញទៅលើការសាងសង់រចនាសម្ព័ន្ធ ពិសេសលើផ្ទៃដីដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត និងការតភ្ជាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី ព្រមទាំងជំរុញឲ្យក្រុមហ៊ុន IGB សាងសង់ផ្លូវចូល និងចាក់ខ្សាច់បំពេញឆ្នេរ ឲ្យបានឆាប់រហ័សផងដែរ៕