(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ត្រូវធ្វើការបង្ការទប់ស្កាត់ដោយផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំ ហើយត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនក្នុងអំឡុងពេល ដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យបើកសាលារៀនវិញ។
ការថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាល និងចែកសម្ភារអនាម័យជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យពងទឹកស្ថិតក្នុងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការចូលរួមពីអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ។
លោកបានបន្តថា ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំពងទឹក សូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាឃុំពងទឹក សមាជិកសមាជិកា អាជ្ញាធរដែនដីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការតាមដាន និងដាក់នៅដាច់ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋយើងដែលធ្វើចំណាកស្រុកមកកាន់ភូមិ ឃុំដែលជាស្រុកកំណើតរបស់ពួកគាត់ ដោយបានដាក់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ពួកគាត់ គឺធ្វើយ៉ាងណាកុំឲ្យជំងឺនេះឆ្លងនៅសហគមន៍របស់យើងជាដាច់ខាត។
លោកបានបន្តថា លោកគ្រូ អ្នកគ្រូ ត្រូវខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្សឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ ក្នុងនោះត្រូវផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ គុណភាពសិក្សា និងការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព ក្នុងកំឡុងពេលបើកសាលារៀនឡើងវិញនាពេលនេះ។
លោកថ្លែងបន្តថា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវតែនៅបន្តបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដោយទាល់តែមានសេចក្តីប្រកាសពីអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។
លោក ចាន់ កុលបុត្រ បានថ្លែងផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូ ត្រូវអប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងរួមគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងត្រូវការពារ សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឲ្យរស់នៅប្រកបដោយសុខដុមរមនា និងត្រូវបង្កើនការបង្កបង្កើនផលស្រូវរដូវវស្សាឲ្យបានទាន់ពេលវេលា ព្រមទាំងដាំដំណាំរួមផ្សំចិញ្ចឹមសត្វឲ្យបានច្រើនក្នុងអំឡុងពេលកូវីដ១៩នេះផងដែរ។
សូមបញ្ជាក់ថា លោក ចាន់ កុលបុត្រ និងលោកស្រី ព្រមទាំងក្រុមការងារ បានចែកជូននូវសំភារៈអនាម័យ និងសម្ភារសិក្សា សំលៀកបំពាក់មួយចំនួនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ដល់សាលាវិទ្យាល័យពងទឹក និងក្រុមប្រឹក្សាឃុំពងទឹក កងកម្លាំងសរុបថវិកាអស់ជាង ៤លានរៀលផងដែរ៕