(កោះកុង)៖ ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកស្រី តំណាងលោក ចៅ ភិរុណ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបូទុមសាគរ ខេត្តកោះកុង អញ្ជើញចូលរួមកាន់វេនបិណ្ឌទី២ គឺនៅវត្តចន្ទមុនីរាម (ហៅវត្តអណ្តូងទឹក) និងនៅវត្តគីរីបូទុម (ហៅវត្តតាអ៊ុក) និងមានការចូលរួមទាំងឧបាស័កឧបាសិកា ចំណុះជើងវត្តយ៉ាងច្រើនផងដែរ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។
នាឱកាសនោះ ឧត្តមសេនីយ៍ មាស ប៊ុនឡី ក៏បានក្រើនរំលឹកដល់បងប្អូនជាពុទ្ធបរិស័ទ ដែលបានអញ្ជើញចូលរួមកាន់វេនបិណ្ឌ បន្តប្រុងប្រយ័ត្ន ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ដែលមានហានិភ័យខ្ពស់ដល់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា។
ដើម្បីការពារ និងបញ្ជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ លោក មាស ប៊ុនឡី បានក្រើនរំលឹកដល់បងប្អូនពលរដ្ឋ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយត្រូវអនុវត្តន៍នូវវិធានការពារថែរក្សា អនាម័យ លាងសម្អាតដៃជាមួយសាប៊ូ ទឹកស្អាត អាល់កុល ឬជែលសម្លាប់មេរោគ ជាប្រចាំ ត្រូវពាក់ម៉ាសកាពារ ពិសេសត្រូវរក្សានៅគម្លាតពីគ្នា ចន្លោះពី១.៥ទៅ២ម៉ែត្រពីគ្នា ហើយបើមានសុខភាពមិនប្រក្រតី នៅក្នុងខ្លួន ឬក្នុងក្រុមគ្រួសារ គួរប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីធ្វើតេស្ត ឬការផ្តល់ប្រឹក្សាពីលោកគ្រូពេទ្យមកវិញ។
ឧត្តមសេនីយ៍ មាស ប៊ុនឡី បានបន្តថា បងប្អូនត្រូវដឹងថា បច្ចុប្បន្នភាពប្រទេសកម្ពុជា មានសន្តិភាព និងកំពង់តែអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យសាសនា និងមានធនធានមនុស្សទាំងអស់នេះ គឺស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃ ដែលធ្វើឲ្យពិភពលោកទទួលស្គាល់ នៃភាពល្បីល្បាយនៅលើឆាកអន្តរជាតិ។
ក្នុងពិធីកាន់វេនបិណ្ឌនេះ លោក មាស ប៊ុនឡី ក៏បានជូនតេយ្យទៀនដល់វត្តនីមួយៗ មានអង្ករចំនួន២បាវ ស្លាដក៣ ត្រីខចំនួន៤យួរ ភេសជ្ជៈចំនួន៣កេស បច្ច័យកាន់បិណ្ឌចំនួន ១,៣០០,០០០រៀលក្នុង១វត្ត និងបានផ្តល់អំណោយប្រគេនព្រះសង្ឃចំនួន១២អង្គ ក្នុង១អង្គថវិកា៥ម៉ឺនរៀល លោកអាចារ្យ តាជីយាយជី ក្នុងម្នាក់ៗ៥ម៉ឺនរៀល ឧបត្ថម្ភដល់សាលាស្រុកបូទុមសាគរ ចំនួន១០០ដុល្លា ឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុង១អង្គភាព២០ម៉ឺនរៀល និងចូលរួមផ្តើមក្នុងការសាងសង់ សាលាធម្មសភាថ្មី នៅវត្តអណ្តូងទឹកចំនួន១,០០០ដុល្លារផងដែរ។
លោកក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ក្នុងការការពារជំងឺកូវីដ ដើម្បីសុខភាព និងសូមចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯង៕