(ភ្នំពេញ)៖ ឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការសាខាបក្ស «ខ៦» នៃគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានបើកកិច្ចប្រជុំជាលើកដំបូងជាមួយសមាជិក សមាជិក ដើម្បីពង្រឹងសាមគ្គីភាព និងដាក់ចេញផែនការមួយចំនួនក្នុងការបម្រើការងារឱ្យបានកាន់តែល្អប្រសើរ។
កិច្ចប្រជុំបានធ្វើឡើងនៅសាលប្រជុំធំ នៃទីស្នាក់ការកណ្តាលក្រុមហ៊ុន ទ្រី ភាព គ្រុប កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំនោះ លោកឧកញ៉ា ទ្រី ភាព បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត និងតែងតាំងរូបលោកជាប្រធានគណៈកម្មាធិការសាខាបក្ស «ខ៦»។
ឧកញ៉ា ទ្រី ភាព បានលើកឡើងថា នេះគឺជាកិត្តិយសមួយដ៏ធំធេងសម្រាប់រូបលោក។ លោកឧកញ៉ា បានប្រកាសដាក់ចិត្តដាក់កាយក្នុងការដឹកនាំគណៈកម្មាធិការសាខាបក្ស «ខ៦» ដើម្បីសម្រេចការងារជាប្រយោជន៍សម្រាប់បក្ស ជាពិសេសសម្រាប់សម្តេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះលោកឧកញ៉ា ក៏បានសម្តែងសេចក្តីសោមនស្សរីករាយជ្រាលជ្រៅ ដែលបានចួលរួមកិច្ចការជាមួយសមាជិក សមាជិកាដទៃទៀត ដើម្បីបម្រើការងារជូនសម្តេចតេជោ ហ៊ុន សែន។ លោក ទ្រី ភាព បានស្នើសុំសមាជិក សមាជិកាទាំងអស់រួបរួមសាមគ្គីគ្នាជាធ្លុង ហើយដាក់ចិត្តដាក់ថ្លើមបម្រើការងារ ដែលបក្សបានប្រគល់ជូន ដើម្បីសម្រេចឱ្យបានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ឧកញ៉ា ទ្រី ភាព ត្រូវបានគណបក្សប្រជាជនកម្ពុជាសម្រេចតែងតាំងជាសមាជិកគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន។ លោកឧកញ៉ា ត្រូវបានបក្សប្រគល់តួនាទីជាប្រធានគណៈកម្មាធិការសាខាគណបក្ស «ខ៦» នៃគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលមានអនុប្រធាន និងសមាជិកសរុបប្រមាណ ៣៩រូប៕