(បន្ទាយមានជ័យ)៖ ដោយមានការគិតគូពីសុខភាពពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបន្ទាយមានជ័យដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា និងមន្ត្រីក្រោមឱវាទ បានចុះពិនិត្យរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ នៅតាមម៉ាតក្នុងផ្សាអគ្គស្តង់ផ្សេងៗទៀត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា ក្រុមការងារបានចុះអង្កេតត្រួតពិនិត្យ និងដកហូតផលិតផលទំនិញហួសកាលបរិច្ឆេទប្រើប្រាស់គ្មានអនុលោមភាព តាមបណ្តាតូប និងតាមម៉ាតមួយចំនួន ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលទទួលបានដូចខាងក្រោម៖
*ទី១៖ ដកហូតការដាក់តាំងលក់ផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt សម្រាប់ចិញ្ចឹមទារក និងកុមារ នៅតាម បណ្តាម៉ាត ០៧កន្លែង បានចំនួន ៣០កំប៉ុង ស្មើ ២១គីឡូក្រាម។
*ទី២៖ ត្រួតពិនិត្យផលិតសាដកតាមបណ្តាតូបជុំវិញផ្សារអគ្គ និងដកហូតចំនួន៣កញ្ចប់តូច ស្មើ៦៥ក្រាម។
ក្នុងការត្រួតពិនិត្យ និងផ្សព្វផ្សាយនេះផងដែរ មន្ត្រីជំនាញ ក.ប.ប ខេត្ត បានយកចិត្តទុកដាក់បញ្ជាក់បង្ហាញជូនដល់ក្រុមអាជីវករទាំងអស់ ឱ្យបានយល់ច្បាស់អំពីច្បាប់ បទបញ្ញត្តិពាក់ព័ន្ធដើម្បី ចូលរួមលើកកម្ពស់សុខមាលភាពជូនដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ចំពោះម្សៅទឹកដោះគោ ដែលមន្ត្រីជំនាញរកឃើញនោះ ត្រូវបានម្ចាស់រក្សាទុកប្រគល់ជូនឲ្យក្រុមហ៊ុមវិញនៅពេលក្រោយ៕