(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាត់ម៉ូតូនាពេលកន្លងទៅ សូមយកឯកសារមកផ្ទៀងផ្ទាត់ និងពិនិត្យមើលម៉ូតូ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ព្រោះសមត្ថកិច្ចទើបបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង រកឃើញម៉ូតូ១៧គ្រឿង។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋ បើមានការបាត់បង់ ម៉ូតូ សូមយកឯកសារមកផ្ទៀងផ្ទាត់ និងពិនិត្យមើលម៉ូតូ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់»។
គួរជម្រាបថា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង នៅស្ថិតក្នុងក្រុមទី៩ ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ និងឃាត់ខ្លួនបានមនុស្ស៣នាក់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ម៉ូតូ១៧គ្រឿង, រថយន្ដ១គ្រឿង ម៉ាក Visto ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T-7830, ស្លាកលេខរថយន្ដ៣សន្លឹក, សម្ភារជួសជុល និងគ្រឿងបន្លាស់ម៉ូតូមួយចំនួន, បញ្ជីទិញ-លក់ម៉ូតូ១ក្បាល, កាតគ្រីម៉ូតូចំនួន៤សន្លឹក និងប័ណ្ណបើកបររថយន្ដ៣សន្លឹក។ បច្ចុប្បន្នជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕