(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់សុន្ទរកថាគន្លឹះមួយបង្ហាញនូវបទពិសោធន៍របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា និងវិបត្តិទាំងឡាយកើតមានចំពោះសង្គម និងសេដ្ឋកិច្ចកម្ពុជាបង្កដោយជំងឺកូវីដ១៩ ជូនប្រទេសសមាជិកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO)។
សុន្ទរកថាគន្លឹះរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំ «កិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០ (GMIS 2020)» របស់អង្គការ UNIDO ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ «ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត»។
ក្នុងសុន្ទរកថាគន្លឹះនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា រយៈពេលជាង៩ខែកន្លងមកនេះ ពិភពលោកបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបង្ករជាវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកលើសង្គម និងសេដ្ឋកិច្ច។ ទោះបីការខិតខំអភិវឌ្ឍវ៉ាក់សាំងបង្ការកំពុងមានវឌ្ឍនភាពល្អគួរជាទីសង្ឃឹម តែគ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ-១៩នេះ នឹងបញ្ចប់នោះឡើយ ហើយក៏គ្មាននណារអាចទស្សន៍ទាយអំពីផលប៉ះពាល់មកលើគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ បានជាក់ច្បាស់នោះដែរ។
សម្តេចតេជោ បានលើកឡើងថា សកម្មភាពសេដ្ឋកិច្ច និង សង្គមស្ទើរគ្រប់វិស័យ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ ជាពិសេសតាមរយៈវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដូចជា ការបិទប្រទេស និង ការរឹតត្បិតដល់ការធ្វើដំណើរ ជាដើម ។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា ក្នុងបរិការណ៍នេះជីវិតសង្គមជាសកល ត្រូវបានគេប្រមើលឃើញថា អាចនឹងមានការប្រែប្រួលជារចនាសម្ព័ន្ធ ឬ ឈានដល់ប្រក្រតីភាពថ្មី (New Normal) មួយ ដែលរួមមាន៖ ការប្រែប្រួលនិម្មាបនកម្មសេដ្ឋកិច្ចសកល ដូចជា ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និង ច្រវាក់ផលិតកម្មសកល, ការថមថយរំហូរមូលធនសកល ដោយសារការធ្លាក់ចុះនៃតម្រូវការវិនិយោគ និង ការធ្លាក់ចុះរំហូរមនុស្ស, ការធ្លាក់ចុះផលិតភាពសកល និង ការកើនឡើងនៃវិសមភាពសង្គម។
លើសពីនោះទៀត ជំងឺកូវីដ១៩ ក៏បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍ និង ការអនុវត្តគោលនយោបាយឧស្សាហកម្ម និង សេដ្ឋកិច្ចឌីជីថល ក្នុងបរិបទបដិវត្តឧស្សាហកម្មទី៤ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច។
ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃ និងចាត់ទុកជាប្រទេសបានដាក់ចេញនូវវិធានការល្អប្រសើរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ មកដល់ពេលបច្ចុប្បន្ន កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបប្រមាណ ២៧៤នាក់។ ក្នុងនោះ ២៧២នាក់ បានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺតែពីរនាក់ទៀតប៉ុណ្ណោះ កំពុងព្យាបាល ហើយមិនមានអ្នកជំងឺណាម្នាក់ស្លាប់នោះឡើយ។
ទន្ទឹមនឹងការថ្លែងបង្ហាញចំណាប់អារម្មណ៍ពីផលប៉ះពាល់បង្កឡើងដោយសារជំងឺកូវីដ១៩ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ចែករំលែកនូវបទពិសោធន៍ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ក៏ដូចជាការដាក់ចេញនូវវិធានការ ដើម្បីដោះស្រាយបញ្ហាកើតមានក្នុងសង្គម និងសេដ្ឋកិច្ចកំលុងពេលរីករាលដាលជំងឺកូវីដ១៩ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា រាជរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍កូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដោយមកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ឬ ប្រទេសទាំងមូលនោះទេ។
សម្តេចតេជោបន្ថែមថា ជាការពិតជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយចំនួន ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យសេវាខ្លះទៀត។ ស្ថិតក្នុងសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន៥ជុំ រួចមកហើយ សំដៅជួយរក្សាលំនឹងផលិតកម្ម និង អាជីវកម្ម សម្រាប់ផ្គត់ផ្គង់ទាំងក្នុង និងក្រៅប្រទេស ពិសេសគឺសំដៅធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។
វិធានការអន្តរាគមន៍ទាំងនោះរួមមានជាអាទិ៍៖ ការអនុគ្រោះពន្ធ និង ការអនុគ្រោះការបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និង ថែទាំសុខភាព, ការជួយសម្រួលលក្ខខណ្ឌឥណទាន, ការបង្កើនសន្ទនីយភាពនៅលើទីផ្សារ, ការផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិត ក្នុងវិស័យកាត់ដេរ និង ទេសចរណ៍, ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីជួយស្តារលទ្ធភាពនិង លើកកម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូច និង មធ្យម, ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ជូនដល់កម្មករ-និយោជិត, និង ការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិល ដើម្បីបំពេញតម្រូវការរបស់រោង-ចក្រ សហគ្រាស និង អាជីវកម្ម នៅក្នុងប្រទេស៕