(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានអំពាវនាវយ៉ាងទទូចដល់ ប្រជាពុទ្ធបរិស័ទ និងគណៈកម្មការអារាមទាំងអស់ សូមបន្តអនុវត្តន៍វិធានការសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការការពារការចម្លងជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឱ្យមានប្រសិទ្ធភាព។
លោកស្រី ឱ វណ្ណឌីន ជំរុញបែបនេះក្នុងឱកាសដែលោកស្រី និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា (WHO) បានធ្វើដំណើរទស្សនកិច្ច នៅតាមខេត្តចំនួន៣ របស់កម្ពុជា រួមមាន៖ ខេត្តស្ទឹងត្រែង, ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដោយសង្កេតមើលឃើញនៅតាមវត្តអារាមខ្លះ ជាពិសេសសម្លឹងឃើញថា មានប្រជាពុទ្ធបរិស័ទមួយចំនួន មិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមវិធានការសុខាភិបាល ក៏ប៉ុន្តែមានវត្តអារាមមួយចំនួន ក៏បានអនុវត្តបានត្រឹមត្រូវតាមវិធានការសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលជាដើម។
លោកស្រី ឱ វណ្ណឌីន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមគោរពធ្វើការអំពាវនាវយ៉ាងទទូចជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជា គណៈកម្មការវត្តទាំងអស់ ដើម្បីឱ្យមានការចាត់ចែងរៀបចំការអនុវត្តវិធានការសុខាភិបាលនេះ ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានម៉តចត់ ជាទីបំផុត […] វិធានការសុខាភិបាលជាវិធានការសាមញ្ញៗទេ ដែលត្រូវអនុវត្ត ជាប្រចាំថ្ងៃ ដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ គឺគ្រាន់តែតម្រូវឱ្យមានការចាត់ចែង និងកែប្រែនូវទម្លាប់របស់ខ្លួនឯងខ្លះៗតែប៉ុណ្ណោះ»។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏បានក្រើនរំឮកហើយ ក្រើនរំឮកទៀត ដល់ប្រជាពុទ្ធបរិស័ទ ដែលធ្វើដំណើរទៅកាន់ទីវត្តអារាមនានា សូមលោកប្រកាន់យកនូវវិធានការពារខ្លួន ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការចម្លងជំងឺកូវីដ-១៩ ដោយក្នុងនោះយើងអាចដាក់ទឹកអាល់កុល ឬជែលសម្លាប់មេរោគ នៅតាមខ្លួនឱ្យជាប់ជាប្រចាំ ជាពិសេសត្រូវមានម៉ាស ដើម្បីពាក់នៅតាមទីវត្តអារាម បន្ថែមពីនេះការអង្គុយត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលពីគ្នាក្នុងចំណាយ១.៥០ម៉ែត្រ ឡើងទៅផងដែរ។
លោកស្រីបានបន្តថា ដោយឡែកសម្រាប់គណៈកម្មការវត្តសូមមេត្តាជួយរៀបចំចាត់ចែងរៀបចំឱ្យប្រជាពុទ្ធបរិស័ទ ដឬែលគាត់អញ្ជើញទៅវត្ត ឱ្យមានទីកន្លែងអង្គុយឱ្យមានគម្លាតសុវត្ថិភាព ហើយទន្ទឹមនឹងនោះក៏ត្រូវឱ្យមានការពាក់ម៉ាសទាំងអស់គ្នា ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ។ ជាមួយគ្នានេះ សូមអនុវត្តការលាងសម្អាតដៃ ឱ្យបានញាក់ញាប់ផងដែរ។
បន្ថែមពីនេះក្រៅពីអំពាវនាវពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ លោកស្រី ឱ វណ្ណឌី ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរៀបចំចាត់ចែងចំណីអាហារឱ្យបានត្រឹមត្រូវតាមក្បូតអនាម័យ សុវត្ថិភាពចំណីអាហារ ដោយទុកដាក់ចំណីអាហារទាំងអស់ឱ្យដាច់ដោយឡែកពីគ្នា មិនត្រូវចាក់ច្របល់ចូលគ្នាដែលនាំឱ្យម្ហូបអាហារទាំងនោះឆាប់ជូរ ផ្អមដែលបង្កជំងឺរាគរុសដល់អ្នកដែលបរិភោគ នូវអាហារទាំងនោះជាដើម។ ជាពិសេសប្រសិនបើការទុកដាក់ចំណីអាហារទាំងនោះមិនបានត្រឹមត្រូវវាអាចចម្លងនូវប្រភពមេរោគផ្សេងៗ ដែលបង្កគ្រោះថ្នាក់ដល់អ្នកបរិភោគផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកញ្ញានេះ ក្រសួងសុខាភិបាល ប្រកាសរកមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន២នាក់ដដែល។ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនសរុប ២៧៤នាក់ (ស្រី៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២៧២នាក់ (ស្រី៥៤នាក់ និងបុរស២១៨នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ មានចំនួន០២នាក់៕