(កំពង់ស្ពឺ)៖ លោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រីរាជការ សិស្សានុសិស្សកងកំលាំង កងរាជអាវុធហត្ថខេត្ត ជាច្រើននាក់ ដើររើសសំរាមក្នុងគោលបំណង លើកម្ពស់សម្រាតបរិស្ថាននៅជុំវិញខេត្ត និងទីប្រជុំជន ដើម្បីបំផុសស្មារតី ដល់មហាជនឲ្យនាំគ្នាចូលរួមការពារបរិស្ថាន និងអនាម័យសម្រាប់សុខភាពរបស់យើងទាំងអស់។

សកម្មភាពដើររើសសំរាមនៅពេលនេះ របស់អភិបាលខេត្តកំពង់ស្ពឺ បានធ្វើឡើងក្រោយពីមើលឃើញពីកត្តាចាំបាច់ ខាងបរិស្ថាន ហើយប្រជាពលរដ្ឋមានការយល់ដឹងនៅមានកម្រិតទើបនៅឡើយចំពោះការទុកដាក់ និងការបោះចោលសំរាមនៅតាមទីសាធារណៈ។

លោកអភិបាលខេត្តត្រូវបានគេឃើញថា តែងតែដឹកនាំមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ដើររើសសំរាមជាប្រចាំ ដើម្បីបង្ហាញ សារដល់ពលរដ្ឋបានយល់ដឹងអំពីការងារបរិស្ថានជុំវិញផ្ទះ ទីប្រជុំជនសាលារៀន និងទីសាធារណៈផ្សេងៗ។

លោក អ៊ូ សំអួន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានភ្ញាក់រលឹកឡើងវិញចំពោះការចូលរួមការថែរក្សាបរិស្ថាន អនាម័យដើម្បីបង្កើនសោភ័ណភាព ខេត្តកំពង់ស្ពឺ ជាការទាក់ទាញគ្រប់មជ្ឈដ្ឋានទាំងអស់ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ ដែលមកលេង និងធ្វើដំណើរឆ្លងកាត់៕