(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីវិស័យកីឡា, ដោយសម្តេចតេជោ បានមើលឃើញថា វិស័យកីឡានៅកម្ពុជា បាននឹងកំពុងរីកចម្រើន គួរអោយកត់សំគាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះសម្តេចតេជោ បានកោតសរសើរចំពោះគ្រប់សហព័ន្ធកីឡា ព្រមទាំងកីឡាករ កីឡាការិនីគ្រប់ប្រភេទដែលបានហ្វឹកហាត់ និងចូលរួមការប្រកួតទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយដែលបាននាំមកជូនជាតិយើង នូវមេដាយមាសមេដាយប្រាក់ និងមេដាយសំរិទ្ឋ ទាំងថ្នាក់តំបន់ និងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន នៅលើ Facebook ផ្លូវការរបស់សម្តេចក៏បានអំពាវនាវដល់សប្បុរសជនដែលមានទ្រព្យធន មេត្តាជួយដល់វិស័យកីឡា នឹងឲ្យអាជ្ញាធរជួយបង្កលក្ខណៈងាយស្រួលជួយរៀបចំទីកន្លែងសម្រាប់កីឡា ហើយក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ចូលរួមគាំទ្រដល់វិស័យកីឡាគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំសូមលើកពីកីឡាមកនិយាយនៅថ្ងៃនេះ។ ខ្ញុំសង្កេតឃើញថា វិស័យកីឡាយើងកំពុងរីកចម្រើនគួរអោយកត់សំគាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយខ្ញុំសុំយកឱកាសនេះសំដែងនូវការ កោតសរសើរចំពោះគ្រប់សហព័ន្ធកីឡា ព្រមទាំងកីឡាករ កីឡាការិនីគ្រប់ប្រភេទដែលបានហ្វឹកហាត់និងចូលរួមការប្រកួតទាំងក្នុងប្រទេស និងក្រៅប្រទេសយ៉ាងស្វិតស្វាញ ហើយដែលបាននាំមកជូនជាតិយើង នូវមេដាយមាសមេដាយប្រាក់ និងមេដាយសំរិទ្ឋ ទាំងថ្នាក់តំបន់ និងពិភពលោក ។ ខ្ញុំសូមអំពាវនាវដល់គ្រប់សហព័ន្ឋកីឡា កីឡាករ និង កីឡាការិនី បន្តការខិតខំតទៅទៀត និង សូមអំពាវនាវចំពោះសប្បុរសជនដែលមានទ្រព្យធន មេត្តាជួយទៅដល់វិស័យកីឡា បន្ថែមទៅលើរបបដែលរដ្ឋបានកំណត់ ដែលជាផ្នែកមួយនៃការលើកទឹកចិត្តរបស់កីឡាករកីឡាការិនីរបស់យើង»។

«ជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះក្រុមកីឡាបាល់ទាត់ All stars កម្ពុជា ដែលបានយកឈ្នះលើក្រុម Buriram United មកពីប្រទេសថៃនៅក្នុងការប្រកួតខួបមិត្តភាពថៃកម្ពុចាលើកទី ៦៥ ដែលក្នុងនោះតាមរយះនាយឧត្តមសេនីយ សៅ សុខា ប្រធានសហព័ន្ឋកីឡាបាល់ទាត់ ខ្ញុំបានផ្តល់ជូនរួចហើយនូវថវិកាឧបត្ថម្ភ ចំនួន$1,000 ក្នុងម្នាក់ៗសម្រាប់ 36 នាក់ទាំងកីឡាករ និងគ្រូបង្វឹក ដែលសរុបគឺ ($36,000) ។ កាលពីថ្ងៃទី ២៨ ខែ មករា កន្លងទៅនេះយោងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា ខ្ញុំបានសម្រេចផ្តល់ថវិកាបន្ថែមទៀតសម្រាប់ម្នាក់ៗ១២លានរៀល សម្រាប់គ្រូ
បង្វឹក និងកីឡាករ ទាំង៣៦ នាក់ ដែលសរុបទឹកប្រាក់ ៤៣២លានរៀល»។

«ជាទីបញ្ចប់ខ្ញុំទទូចអំពាវនាវដល់យុវជនរបស់យើងសូមចូលរួមនៅក្នុងវិស័យកីឡា ទាំងអាជីព និងមិនអាជីព នៅតាមបណ្តាគ្រឹះស្ថានសិក្សាចាប់តាំងពីបឋមសិក្សារហូតដល់ឧត្តមសិក្សានិងនៅតាមមូលដ្ឋាននានា ទៅតាមទីកន្លែងដែលអាចធ្វើបានទៅតាមប្រភេទកីឡានីមួយៗ។ ខ្ញុំសូមអោយអាជ្ញាធរ នៅគ្រប់ទីកន្លែងទាំងអស់បង្កលក្ខណៈងាយស្រួលនិងជួយរៀបចំបន្ថែមនូវទីកន្លែងសម្រាប់កីឡា ហើយក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ចូលរួមគាំទ្រដល់វិស័យកីឡាគ្រប់ៗគ្នា»៕