(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអតីតប្រធានគណបក្សខ្មែរ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានលើកឡើងថា អាមេរិកកំពុងមានចេតនាបំផ្លាញសេដ្ឋកិច្ចខ្មែរ តាមរយៈការដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដែលកំពុងវិនិយោគនៅកម្ពុជា។
ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើគម្រោងរបស់ក្រុមហ៊ុន Union Development Group នៅកម្ពុជា ដោយស្របតាមច្បាប់ The Global Magnitsky Human Rights និងបទបញ្ជារដ្ឋបាលពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក សួន សេរីរដ្ឋា បានលើកឡើងថា៖ «បើយើងជាម្ចាស់ស្រែ ដែលខំថែស្រូវសំណាប ស្រូវសន្ទូង (សេដ្ឋកិច្ច) បានផលល្អយ៉ាងនេះ និងជិតបានប្រមូលផលហើយ... សួរថា តើយើងសុខចិត្តឲ្យពួកគេបំផ្លាញសេះជិះធ្វើសង្គ្រាមលើ វាលសំណាប វាលសន្ទូង ស្រែស្រូវរបស់យើងឲ្យខ្ទេចខ្ទីឬ ?។ ជាថ្មីម្តងទៀត នៅពេលដែលខ្លួនមិនអាចពង្រីកឥទ្ធិពលរបស់ខ្លួន យកឈ្នះប្រទេសចិន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានដូចបំណងនោះ សហរដ្ឋអាមេរិក បានកំពុងប្រើឥទ្ធិពលជាមហាអំណាច ទាញយកប្រទេសខ្មែរ ធ្វើជាលានសង្គ្រាមសេះរបស់ខ្លួន ដើម្បីតទល់ប្រយុទ្ធជាមួយប្រទេសចិន ! ។ នេះជាលើកទី ២ ហើយដែលសហរដ្ឋអាមេរិក ប្រើប្រាស់ដីស្រែដីចម្ការរបស់ខ្មែរ ដែលមានស្រូវ និងដំណាំកំពុងលូតលាស់ល្អ ធ្វើជាសមរភូមិប្រយុទ្ធជាមួយចិន ដើម្បីដណ្តើមយកតំបន់អាស៊ីប៉ាស៊ីហ្វិក មកត្រួតត្រា បន្ទាប់ពីអាមេរិកប្រើដីខ្មែរធ្វើលានប្រយុទ្ធបែបនេះជាមួយចិន កាលពីទស្សវត្សទី ៧០ រួចរត់ចោលសមរភូមិឲ្យខ្មែរខ្ទេចខ្ទាំនិងស្លាប់រាប់លាននាក់»។
លោកចាត់ទុកថា ការប្រកាសរបស់សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន UDG ដែលកំពុងបោះទុនរកស៊ីនៅក្នុងប្រទេសខ្មែរ ជាចេតនាដែលអាមេរិក ចង់កម្ទេចស្រូវសំណាប ស្រូវសន្ទូង (សេដ្ឋកិច្ច) របស់ខ្មែរដែលកំពុងលូតលាស់ ក្រោមការជួយវិនិយោគពីក្រុមហ៊ុនអ្នកវិនិយោគទុនចិន។ បើអ្នកវិនិយោគទុនចិន ដែលរកស៊ីវិនិយោគនៅក្នុងប្រទេសខ្មែរ សុទ្ធតែមិនល្អ ហេតុដូចម្តេចក៏សហរដ្ឋអាមេរិក មិនបញ្ជូនអ្នករកស៊ី អ្នកវិនិយោគរបស់ខ្លួនដែលល្អនោះឲ្យចូលមករកស៊ីនៅក្នុងប្រទេសខ្មែរ ជួយផ្តល់ការងារ ជួយបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចឲ្យពលរដ្ឋខ្មែរ? អាមេរិកបញ្ជូនក្រុមហ៊ុនធំៗជាច្រើនឲ្យចូលទៅរកស៊ីបោះទុនវិនិយោគក្នុងប្រទេសកុម្មុយនីសយួន ហើយហាមមិនឲ្យអ្នករកស៊ីក្រុមហ៊ុនធំៗរបស់ខ្លួន ចូលមករកស៊ីនៅស្រុកខ្មែរទេ... តែអាមេរិកព្យាយាមទាស់ជាមួយនឹងក្រុមហ៊ុនចិន ដែលចូលមករកស៊ីនៅស្រុកខ្មែរ។
អតីតប្រធានគណបក្សអំណាចខ្មែរ ដែលធ្លាប់រស់នៅសហរដ្ឋអាមេរិកនេះ បានចោទសំណួរថា៖ បើអាមេរិកគិតថា ចិនមិនល្អ តើអាមេរិកឲ្យអ្នករកស៊ីរបស់ខ្លួនធំៗ ទៅបើករោងចក្រវិនិយោគនៅក្នុងប្រទេសចិនធ្វើអ្វី? ពិសេសក្រុមហ៊ុនរបស់លោក ដូណាល់ ត្រាំ មានមុខរបរ និងរោងចក្រប៉ុន្មាន ដែលកំពុងរកស៊ីនៅក្នុងប្រទេសចិន នាពេលបច្ចុប្បន្ននេះ? មួយសំណួរទៀតសួរថា៖ បើអាមេរិក យល់ថាអ្នកវិនិយោគទុនចិនមិនល្អ តើហេតុអ្វីក៏អាមេរិកឲ្យអ្នករកស៊ី អ្នកវិនិយោគទុនចិន ចូលទៅរកស៊ីនៅអាមេរិក បើក ឆាយណាថោន ទិញអចលនទ្រព្យ គ្រប់គ្រងផ្សារហ៊ុននៅអាមេរិក?
លោកបញ្ជាក់បន្តថា៖ ទើសអី ខុសអី តែស្រុកខ្មែរ ដែលមានចិនអ្នកវិនិយោគចូលមករកស៊ីបង្កើតការងារ និងបង្កើនសេដ្ឋកិច្ចខ្មែរ បែរជាអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនទាំងនោះ (?) ! ម្តេចក៏អាមេរិក មិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ដែលចូលទៅរកស៊ី វិនិយោគនៅក្នុងប្រទេសសហគមន៍អឺរ៉ុប នៃតំបន់អាត្លង់ទិករបស់ខ្លួននោះផង? តើអាមេរិក ចង់ទុកឲ្យខ្មែរក្រ ខ្មែរវេទនា ដីថោកលក់មិនបានថ្លៃ គ្មានអ្នកវិនិយោគចូលមករកស៊ី ទើបអាមេរិកសប្បាយចិត្តឬ?
«មហិច្ឆតារបស់អាមេរិក ដែលប្រើអំណួតអំណាច តែមិនព្រមខ្ជាក់លុយវិនិយោគមកវិនិយោគក្នុងស្រុកខ្មែរ គឺវាជាបានចាញ់ចិនយ៉ាងដាច់ឆ្ងាយរួចទៅហើយ... តែក្រុងវ៉ាស៊ីងតុន នៅតែមានមហិច្ឆតាអាក្រក់លើប្រទេសខ្មែរ និងប្រជាពលរដ្ឋខ្មែរ គឺប្រើយុទ្ធសាស្ត្របំបោលសេះធ្វើសង្គ្រាមលើវាលសំណាប ស្រូវសន្ទូងខ្មែរឲ្យខ្ទេចអស់ដូចកាលពីទស្សវត្ស ៧០ ទើបខ្លួនសប្បាយចិត្ត»។ នេះបើតាមការបញ្ជាក់បន្ថែមទៀតរបស់ លោក សួន សេរីរដ្ឋា៕