(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះបានរាយការណ៍តាមរយៈបណ្តាញព័ត៌មាន Fresh News ពីបច្ចុប្បន្នភាពនៃស្ថានភាពជំងឺគ្រុនផ្ដាសាយធំនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា។
មុនពេល និងកំលុងពេលពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានសង្កេតឃើញមានការចម្លងជំងឺគ្រុនផ្ដាសាយធំ ដែលភាសាបច្ចេកទេសពេទ្យហៅថា «Influenza A» ក្នុងចំណោមព្រះសង្ឃនៅខេត្តតាកែវ បាត់ដំបង ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ, ក្រុមអ្នកទោសក្នុងពន្ធនាគារស្ថិតនៅខេត្តព្រះវិហារ កោះកុង និងខេត្តកំពង់ធំ និងនៅក្នុងសហគមន៍មួយដែលមានប្រជាជនរស់នៅក្នុងតំបន់ គ្របដណ្ដប់នៃមណ្ឌលសុខភាពសោមធំ ខេត្តរតនគិរី។
ឆ្លើយតបទៅនឹងជំងឺគ្រុនផ្ដាសាយធំនេះ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តទាំង ៨ ខាងលើ បានធ្វើសកម្មភាពយ៉ាងសកម្ម និងឆ្លើយតបបានយ៉ាងរហ័ស ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា និងផ្ដល់ការព្យាបាលជូនដល់ព្រះសង្ឃ និងអ្នកជំងឺបានជាសះស្បើយ ១០០% ហើយសម្រាប់ខេត្តចំនួន ៧។ ចំណែកនៅខេត្តកំពង់ធំបានជាសះស្បើយ ១៥% ដែលនឹងអាចមានការជាសះស្បើយជាបណ្ដើរៗទៀតក្នុងពេលខាងមុខនេះ។
ការវិភាគរបស់មន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើករណីអ្នកជំងឺខាងលើបានបង្ហាញលទ្ធផលថា មិនមានវីរុសកូវីដ-១៩ តែមានវិជ្ជមានវីរុសផ្ដាសាយធំ (Influenza A ប្រភេទ H3 N2) ដែលជាប្រភេទអាចឆ្លងបន្តគ្នាដែរ។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រះសង្ឃ និងអ្នកឈឺដោយសារជំងឺគ្រុនផ្ដាសាយធំសរុបមានចំនួន ៥៧៥អង្គ/នាក់ (ស្ត្រី ៧២នាក់) ដែលមានដូចតទៅ៖
១. ខេត្តតាកែវ៖ ព្រះសង្ឃ ៣៦អង្គ បានជាសះស្បើយអស់ហើយ។
២. ខេត្តព្រះវិហារ៖ ក្រុមអ្នកជាប់ទោសក្នុងពន្ធនាគារចំនួន ១៤៧នាក់ (ស្ត្រី ១៩នាក់) បានជាសះស្បើយអស់ហើយ។
៣. ខេត្តបាត់ដំបង៖ ព្រះសង្ឃ ៤៦អង្គ បានជាសះស្បើយអស់ហើយ។
៤. ខេត្តត្បូងឃ្មុំ៖ ព្រះសង្ឃ ១៧អង្គ បានជាសះស្បើយអស់ហើយ។
៥. ខេត្តបន្ទាយមានជ័យ៖ ព្រះសង្ឃ ២៦អង្គ បានជាសះស្បើយអស់ហើយ។
៦. ខេត្តកោះកុង៖ ក្រុមអ្នកជាប់ទោសក្នុងពន្ធនាគារចំនួន ១៦៩នាក់ (ស្ត្រី ១១នាក់) បានជាសះស្បើយអស់ហើយ។
៧. ខេត្តរតនគិរី៖ ប្រជាពលរដ្ឋក្នុងសហគមន៍រស់នៅក្នុងតំបន់គ្របដណ្ដប់នៃមណ្ឌលសុខភាពសោមធំ ស្រុកអូរយ៉ាដាវ ៦៧នាក់ បានជាសះស្បើយអស់ហើយ។
៨. ខេត្តកំពង់ធំ៖ ក្រុមអ្នកទោសចំនួន ៦៧នាក់ បានជាសះស្បើយចំនួន ១០នាក់ហើយ និងកំពុងបន្តយកចិត្តទុកដាក់ព្យាបាលដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត។
ដើម្បីចៀសវាងការចម្លងជំងឺគ្រុនផ្ដាសាយធំខាងលើនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ លោកតាអាចារ្យ លោកតាជី យាយជី គណៈកម្មការវត្ត និងព្រះសង្ឃទាំងអស់នៅទូទាំងប្រទេសឱ្យចូលរួមអនុវត្តវិធានការការពារដូចតទៅ៖
* ត្រូវមានអនាម័យខ្លួនប្រាណ និងកន្លែងរស់នៅ ជាពិសេសអនាម័យដៃឱ្យបានស្អាតជាប់ជានិច្ច ដោយលាងសម្អាតឱ្យបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។
* ប្រើម៉ាសក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារាម ស្ដាប់ព្រះធម៌ ឬកន្លែងដែលមានមនុស្សម្នាច្រើន ហើយពេលក្អកកណ្ដាស់ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកន្លែង ក្រមា ក្រដាសជូតមាត់ ឬកែងដៃជាដើម។
* ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១.៥ ម៉ែត្រឡើងទៅ។ ព្រះសង្ឃ ឬអ្នកដែលមានជំងឺគ្រុនផ្ដាសាយធំ ឬជំងឺឆ្លង ចាំបាច់ត្រូវគង់នៅក្នុងកុដិ ឬកន្លែងដាច់ដោយឡែកពីព្រះសង្ឃដែលមិនមានអាពាធ ឬពីអ្នកជា កុំឱ្យមានការចម្លងបន្តគ្នា។
* ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សីដោយផ្ទាល់។ ប្រសិនបើបានប៉ះពាល់ត្រូវតែលាងដៃជាមួយសាប៊ូឱ្យបានឆាប់ មុននឹងចាប់កាន់របស់របរ ឬមុននឹងប៉ះពាល់ផ្ទៃមុខរបស់ខ្លួន។
* ត្រូវពិសាទឹកដាំពុះ ក្ដៅឧណ្ហ៍ៗ និងបរិភោគម្ហូបអាហារឆ្អិនល្អ រក្សាអនាម័យចំណីអាហារ ព្រមទាំងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលជារឿយៗមកហើយ។
* ចៀសវាងនៅកន្លែងដែលត្រជាក់ខ្លាំង ដូចជា ម៉ាស៉ីនត្រជាក់ និមន្ត ឬដើរក្រោមទឹកភ្លៀងជាដើម។
* បើមានបញ្ហាសុខភាព មិនត្រូវចូលរួមក្នុងពិធីណាមួយឡើយ ដោយត្រូវគង់នៅក្នុងកុដិ ឬស្នាក់នៅទីកន្លែងណាមួយដាច់ដោយឡែកពីគេ កុំឱ្យមានការចម្លងបន្តគ្នា ហើយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។
* រាយការណ៍ទៅលេខ ១១៥ (មិនមានលុយក្នុងទូរស័ព្ទក៏អាចហៅចូលបានដែរ) ឬទៅមន្ទីរសុខាភិបាលខេត្ត ឬទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក៕