(ភ្នំពេញ)៖ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសពីភាពជោគជ័យ ក្នុងការទប់ស្កាត់បាននូវការចម្លងជំងឺកូវីដ១៩ថ្មី ចូលក្នុងប្រទេសកម្ពុជា និងសហគមន៍ ក្នុងកំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រោមការដឹកនាំ និងវិធានការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងបេះដូងមនុស្សធម៌របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ ដែលបានបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋជាច្រើន បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងរយៈពេលកន្លងមកនេះ ព្រមទាំងបានដើរលេងកម្សាន្តដោយសេរី ប្រកបដោយសេចក្ដីសប្បាយរីករាយផងដែរ។
ក្រសួងបន្តថា នៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំ និងដាក់ចេញនូវវិធានការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ បានទាន់ពេលវេលារបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យ ស្ថានភាពជំងឺកូវីដ-១៩ មិនឱ្យមានការរាតត្បាតក្នុងទ្រង់ទ្រាយធំ និងមិនទាន់មានការចម្លងចូលក្នុងសហគមន៍នៅឡើយមកទល់ពេលនេះ។ ទោះជាយ៉ាងនេះក្ដី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរៀនសូត្រការរស់នៅជាមួយនឹងវត្តមានរបស់វីរុសកូវីដ-១៩ រស់នៅ ធម្មតាតាមបែបគន្លងថ្មីៗ ដោយកែប្រែទម្លាប់របស់ខ្លួន ឱ្យមានការថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដើម្បីចៀសផុតពីការចម្លងជំងឺឆ្លងនានា ជាពិសេសគឺការចម្លងវីរុសកូវីដ-១៩ ដោយត្រូវនាំគ្នាចូលរួមអនុវត្តន៍ អនាម័យដៃស្អាតជានិច្ច ពាក់ម៉ាស់នៅក្នុងករណីចាំបាច់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ ដែលជាវិធានការសាមញ្ញៗ តែងតែមានការណែនាំឱ្យអនុវត្តន៍ជារឿយៗដោយក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា «ក្នុងរយៈពេលនៃថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌកន្លងទៅនេះ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ណែនាំ និងតាមដានស្ថាន ភាពនៃការចម្លងវីរុសកូវីដ-១៩ដោយយកចិត្តទុកដាក់ តាមរយៈបណ្ដាញប្រព័ន្ធសុខាភិបាល នៅទូទាំងប្រទេសឃើញថា៖ «មិនទាន់មានករណីចម្លងវីរុសកូវីដ១៩ថ្មី កើតមានឡើងនៅក្នុងប្រទេស (Local transmission) និងមិនទាន់មានការចម្លងចូលក្នុងសហគមន៍ (Community transmission) នៅឡើយទេ» ដែលស្ថានភាពនេះ គឺជាជោគជ័យមួយវគ្គទៀតហើយ បន្ទាប់ពីស្ថានភាពមិនមាន ការចម្លងវីរុសកូវីដ-១៩ ក្នុងកំលុងពេលឈប់សម្រាកសម្រាប់សងថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីខែសីហាកន្លងទៅនេះ»។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់អាជ្ញាធរ ថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ច និងផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសថ្នាក់ដឹកនាំបុគ្គលិក មន្ត្រី សុខាភិបាលគ្រប់លំដាប់ថ្នាក់ (ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) និងក្រុមគ្រូពេទ្យជួរមុខទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំអនុវត្តន៍ការតាមដាន ស្រាវជ្រាវ ពិនិត្យ និងផ្តល់សេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយការលះបង់ខ្ពស់ យកចិត្តទុកដាក់ គោរពក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាល និងមានកិច្ចសហការអន្តរវិស័យបានល្អប្រសើរគួរជាទីមោទនៈ ដែលបានចូលរួមចំណែកក្នុង ការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងកំលុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌកន្លងទៅនេះ។
ទោះជាយ៉ាងនេះក្ដី ក្រសួងសុខាភិបាល នៅតែសូមធ្វើការអំពាវនាវហើយអំពាវនាវទៀត សូមលោកអ្នកមេត្តាកុំភ្លេចថា៖ «ការដែលរកមិនទាន់ឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី នៅក្នុងប្រទេស មិនមែនមានន័យថា មិនមានវីរុសកូវីដ-១៩ ឬក៏ការរាតត្បាតនៃវីរុសនេះ បានចប់ហើយនោះទេ ហើយយើងទាំងអស់គ្នា មិនត្រូវសន្តិភាពនិយមជាមួយនឹងវីរុសនេះឱ្យសោះ»។ ផ្ទុយទៅវិញ វីរុស ដ៏កាចសាហាវនេះ កំពុងតែចរាចរពេញទំហឹងនៅតាមបណ្ដាប្រទេសនៅលើសាកលលោក និងនៅក្នុងតំបន់ ជាពិសេសប្រទេសជិតខាងកម្ពុជា ក៏នៅមានវីរុសនេះចរាចរនៅឡើយដែរ។ ដូច្នេះ ហានិភ័យនៃការចម្លងចូលមកក្នុងប្រទេសកម្ពុជា នៅតែមាននៅឡើយទេ ហើយលទ្ធភាពនៃការចម្លងចូលក្នុងសហគមន៍ ក៏នៅតែមានដែរ ប្រសិនបើយើងមានការធ្វេសប្រហែស។ ដូច្នេះ សូម លោកអ្នក «បន្តការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ឱ្យបានខ្ជាប់ខ្លួន ពីព្រោះវីរុសកូវីដ-១៩ នេះ ស្ថិតនៅក្បែរៗយើងនៅឡើយទេ ដែលការចម្លងអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលា គ្រប់កាលទេសៈ និងគ្រប់ទីកន្លែងទាំងអស់»។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យ ទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភព លោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និង មន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និង ស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០១នាក់៕