(ព្រះសីហនុ)៖ ករណីអគ្គិភ័យឆេះឃ្លាំងស្ដុកអំបោះ របស់រោងចក្រលីនស៍តិចថាយ៍ ស្ថិតក្នុងក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានកើតឡើងនៅវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង១០០ភាគរយ នៅវេលាម៉ោង០៨៖៣០នាទីយប់ថ្ងៃដដែល។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះថា រោងចក្រដែលរងគ្រោះដោយ់អគ្គិភ័យនេះ មានអ្នកគ្រប់គ្រងជាជនជាតិចិន ឈ្មោះ ហ៊ា ហ៊ីម ភេទប្រុស អាយុ៦៣ឆ្នាំ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ឈ្មោះ ខៀវ ចំរ៉ុង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរសន្តិសុខយាម នៅទ្វារខាងមុខរោងចក្រ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុមានផ្សែងហុយ ចេញពីក្នុងឃ្លាំងដែលចាក់សោរបិទទ្វារជិត អត់មានកម្មករធ្វើការ ពេលនោះគាត់បានឲ្យរដ្ឋបាលយកសោរចាក់បើកទ្វាឃ្លាំង ក៏ឃើញមានភ្លើងឆេះ រួចរាយការណ៍ឲ្យសមត្ថកិច្ចមក ជួយអន្តរាគមន៍តែម្ដង។
ស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង បានចេញអន្ដរាគមន៍សង្គ្រោះ ដោយប្រើប្រាស់ទឹកអស់ ចំនួន១២០ឡាន ក្នុងនោះរួមមាន៖
* រថយន្ដស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២គ្រឿង ប្រើប្រាស់ទឹក៣០ឡាន
* រថយន្ដកងរាជអាវុធហត្ថខេត្ត ចំនួន១គ្រឿង ប្រើប្រាស់ទឹក១៥ឡាន
* កងពលតូចលេខ៧០ ចំនួន២គ្រឿង ប្រើប្រាស់ទឹក៣០ឡាន
* កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន៣គ្រឿង ប្រើប្រាស់ទឹក៤៥ឡាន។
គួរជម្រាបថា ក្នុងរង្វង់នៃប្រតិបត្តិការសង្គ្រោះនេះ វត្តមានរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចុះដឹកនាំបញ្ជាផ្ទាល់ផងដែរ រហូតទាល់តែភ្លើងរលត់អស់១០០ភាគរយ៕