(ប៉ៃលិន)៖ អាជ្ញាធរខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន មួយក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរស់នៅតាមតំបន់ដងអូរ និងដងស្ទឹងទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយសារតែរយៈពេលចុងក្រោយនេះ ទឹកភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅតំបន់ភ្នំ ដែលជាតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងប៉ៃលិន ធ្វើឱ្យតំបន់វាលទំនាបនានា និងទឹកស្ទឹងប៉ៃលិនមានទឹកឡើងរហូតដល់កម្ពស់១.៨ម៉ែត្រ។
ខណៈដែលជាធម្មតាទឹកស្ទឹងខាងលើនេះទឹកមានកម្ពស់ត្រឹមតែ០.៥ម៉ែត្រប៉ុណ្ណោះ ដូចនេះប្រជាពលរដ្ឋចាំបាច់ត្រូវត្រៀមលក្ខណៈជាមុន ជៀសវាងប្រការគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយនៅក្នុងរដូវវស្សា ដែលបានបង្កឱ្យទឹកភ្លៀងហូរចាក់ខ្លាំងជាប់ៗគ្នាចូលតំបន់ទំនាប ធ្វើឱ្យស្ទឹងប៉ៃលិនមានជំនន់ហក់ឡើងយ៉ាងគំហុក ចាប់តាំងពីថ្ងៃបុណ្យភ្ជុំបិណ្ឌមក៕