(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នវ បានជូនដំណឹងដលប្រជាពលរដ្ឋទាំងឡាយ ជាពិសេសអ្នកដែលរស់នៅប៉ែកខាងលើ និងនៅតាមបណ្តោយដងស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាទឹកជំនន់តាមដងស្ទឹង និងបញ្ហាជំនន់ទឹកភ្លៀងជាដើម ដើម្បីការពារសុវត្ថិភាពទាំងអស់គ្នាពីបញ្ហានានា ដែលអាចកើតមានដោយសារគ្រោះធម្មជាតិទាំងនេះ។
ការជូនដំណឹងបន្ទាន់បែបនេះ ធ្វើឡើងក្រោយពេលក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ដែលសង្កេតឃើញថា ខ្យល់ម៉ូសុងនិរតីមួយមានប្រភពមកពីមហាសមុទ្រប៉ាស៉ីហ្វិក បានបង្កើនល្បឿនយ៉ាងលឿនបក់មកលើប្រទេសកម្ពុជា និងបានវិវត្តលក្ខណៈទៅជាសម្ពាធទាប រួចក្លាយទៅជាកូនព្យុះមួយ។
ឥទ្ធិពលខាងលើនេះ បានធ្វើឱ្យភ្លៀងនៅតែបន្តធ្លាក់ និងធ្វើឱ្យស្ថានភាពទឹកនៅក្នុងស្ទឹងសង្កែ ស្ទឹងមង្គលបុរី និងស្ទឹងដូនទ្រី នៃខេត្តបាត់ដំបង មានការកើនឡើងយ៉ាងគំហុក ដែលអាចបង្កជាទឹកជំនន់នៅតាមបណ្ដោយស្ទឹង។ ម្យ៉ាងវិញទៀត ដោយសារស្ថានភ្លៀងនៅតែបន្តធ្លាក់យ៉ាងដូច្នេះ ក៏អាចកើតមានជំនន់ទឹកភ្លៀងប៉ះពាល់ដល់ភូមិដ្ឋាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានោះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានចេញសេចក្ដីជូនដំណឹងណែនាំឱ្យម្ចាស់រមណីយដ្ឋានដែលស្ថិតតាមជ្រលងភ្នំ ដងស្ទឹង បឹងបួរ ត្រូវផ្អាកដំណើរការបណ្ដោះអាសន្នជាបន្ទាន់ ចាប់ពីថ្ងៃ២០ ខែកញ្ញានេះ រហូតដល់មានការជូនដំណឹងថ្មី ដើម្បីការពារសុវត្ថិភាពជូនភ្ញៀវទេសចរពីបញ្ហានានា៕