(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាត់ទុក ការសម្តែងការព្រួយបារម្ភរបស់សមាជិកក្រុមប្រឆាំង នៅខេត្តស្វាយរៀង ចំពោះការចុះល្បាតរបស់នគរបាល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះថា ជាការបារម្ភជ្រុលហួសហេតុ ដែលប្រៀបបីដូចជាសុភាសិតខ្មែរមួយថា «គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ»។
ការអះអាងរបស់ មន្រ្តីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានធ្វើឡើងបន្ទាប់ពី លោក គង់ ម៉ាស់ អតីតសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលទើបដោះលែងពីពន្ធនាគារ តាមរយៈវិទ្យុរបស់បរទេសដែលគាំទ្រក្រុមរបស់ខ្លួន បានចោទប្រកាន់ថា កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានបន្តតាមឃ្លាំមើលសកម្មភាពរបស់លោក កាលពីអំឡុងបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ទោះបីលោកបានបញ្ចប់ទោសចប់សព្វគ្រប់ នៅក្នុងពន្ធនាគារហើយក៏ដោយ។
បើតាម លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន, បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាគោលនយោបាយដែលមានការចូលរួមជាចលនាជាតិយ៉ាងសំខាន់ ដែលជាមូលដ្ឋានធានាបាននូវសន្តិសុខ សុវត្ថិភាពដល់សព្វថ្ងៃនេះ។ លោកថា ការធ្វើសកម្មភាពចុះល្បាត ការពារប្រជាពលរដ្ឋ ចុះតាមភូមិឃុំនេះ ជាកាតព្វកិច្ចរបស់នគរបាលនៅប៉ុស្តិ៍រដ្ឋបាល ដែលជាកម្លាំងស្នូលជំរុញដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ ដោយក្នុងនោះក៏មានការគាំទ្រសហការពីអាជ្ញាធរមូលដ្ឋាន ដែលសកម្មភាពនេះ ប្រជាពលរដ្ឋបានគាំទ្រ យល់ដឹង និងចូលរួម ព្រមទាំងបង្ហាញពីភាពកក់ក្តៅ ដោយពួកគាត់រីករាយណាស់ ដែលមាននគរបាលចុះល្បាតតាមភូមិសាស្រ្ត ជាពិសេសនៅទីប្រជុំជន ឬទីកន្លែងដែលប្រជាពលរដ្ឋគាត់ជួបជុំគ្នារៀបចំពិធីរាំកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឬបុណ្យទានផ្សេងៗ។
ជាមួួយនឹងការសោកស្តាយចំពោះការរិះគន់របស់សមាជិកក្រុមប្រឆាំងនេះ លោក ឆាយ គឹមខឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា បញ្ហានេះដូចភាសាខ្មែរថា "គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ" បើគាត់គ្មានគោលដៅ គ្មានអារម្មណ៍ថា នឹងធ្វើអ្វីផ្តេសផ្តាសទេ គាត់ប្រហែលជា មិនបារម្ភខ្លាចគេតាមទេ ព្រោះប្រជាពលរដ្ឋគេចង់ឱ្យតែនគរបាលចុះល្បាតខ្វាត់ខ្វែងណាស់ គាត់មានភាពកក់ក្តៅ មានបញ្ហាអ្វីទាន់ចិត្ត ជួយដោះស្រាយសភាពការណ៍ ដោះស្រាយសំណូមពរ គាត់មានសុខសុវត្ថិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ។ ដោយឡែកមនុស្សមួយចំនួនតូចសោះ គាត់ថានគរបាលទៅរំខាន ទៅបិទសិទ្ធិសេរីភាពគាត់»។
«បើគាត់មិនមានបញ្ហាអ្វីមកបង្អើលទេ ប្រហែលជាគាត់មិនបារម្ភទេ ខ្ញុំមិនចោទប្រកាន់ទេ ប៉ុន្តែមានមូលហេតុមួយអាចបញ្ជាក់បានថា "បើសិនមិនមានខ្លួនទេ ប្រហែលជាមិនមានការខ្លាចស្រមោលខ្លួនឯងទេ"» នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកឧត្តមសេនីយ៍ឯក។
ជាមួយនឹងការបញ្ជាក់នេះ លោកឆាយ គឹមខឿន បានអំពាវនាវឱ្យជនដែលរិះគន់លើការចុះល្បាតរបស់នគរបាលនេះ នៅពេលអនុវត្តទោសចប់សព្វគ្រប់ហើយ គួរតែវិលទៅកាន់មូលដ្ឋានដើម្បីធ្វើជាពលរដ្ឋល្អ ចូលរួមជាមួយសហគមន៍រស់នៅដោយសុខសាន្ត ហើយប្រសិនបើគេមិនប្រព្រឹត្តអំពើល្មើសច្បាប់ទេ លោកជឿជាក់ថា គេនឹងមិនមានអ្វីត្រូវភ័យខ្លាចនឹងការចុះល្បាត សង្កេតរបស់នគរបាលឡើយ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ក៏បានចេញសេចក្ដីណែនាំ ស្ដីពីវិធាន៨ចំណុច ដើម្បីការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះផងដែរ។
លោកនាយឧត្តមសេនីយ៍ បានជំរុញឱ្យរឹតបន្តឹងសន្តិសុខ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំមានសុវត្ថិភាព» ឲ្យបានសកម្មផុលផុស។ ទន្ទឹមនោះនគរបាលត្រូវយកចិត្តទុកដាក់យាមកាម ល្បាតការពារផ្ទះសម្បែង ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ស្រុកកំណើត ឬទៅសម្រាកកម្សាន្ដនៅតាមតំបន់នានាទាំងគ្រួសារជាដើម៕