(កំពង់ឆ្នាំង)៖ ប្រទេសកម្ពុជាសំបូរទៅដោយដើមរុក្ខជាតិជាច្រើនប្រភេទ ដែលដុះនៅតាមដងអូរ តាមចំការជួរមាត់ទន្លេ និងតាមព្រៃភ្នំ ត្រូវបានគេកាប់យកទៅប្រើប្រាស់ធ្វើជាឱសថបុរាណ កែរោគបានជាច្រើនមុខ សូម្បីតែឱសថសាស្ត្រក៏ត្រូវបានចម្រាញ់យកពីដើមរុក្ខជាតិទាំងនេះផងដែរ ចំពោះការប្រើប្រាស់សម្រាប់ឱសថបុរាណ គឺគេយកដើមរុក្ខជាតិទាំងនោះទៅផ្សំគ្នា ទៅតាមអការៈរោគផ្សេងៗ។ វិធីប្រើគឺគេយកដើមរុក្ខជាតិដែលផ្សំរួចយកទៅចិញ្ច្រាំហាលថ្ងៃឲ្យស្ងួតទើបយកដាក់ចូលទៅក្នុងឆ្នាំងដី ហើយមកដាំទឹកហូបសម្រាប់ព្យាបាល រោគយ៉ាងមានប្រសិទ្ធភាពទៀតផង។
ឱសថបុរាណដែលផ្សំឡើងពីដើមក្ខជាតិ សម្រាប់ព្យាបាលរោគ គឺមានមកតាំងពីសម័យបុរមបុរាណ រហូតមកដល់នាសម័យបច្ចុប្បន្ន បើទោះជាក្នុងកាលៈទេសៈនេះវា ជាសម័យវិទ្យាសាស្ត្រដ៏ទំនើប មានទាំងឱសថសាស្ត្រយ៉ាងពូកែសាកសិទ្ធហើយក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរយើងនៅតាមទីជនបទភាគច្រើន នៅតែត្រូវការឱសថបុរាណដែលផ្សំឡើងពីដើមរុក្ខជាតិជាចាំបាច់ ដោយមិនអាចខ្វះបាន ដោយសារ តែរោគខ្លះព្យា បាលថ្នាំពេទ្យមិនជា ក៏អាចមកកប និងឱសថបុរាណដែលផ្សំឡើងពីដើមរុក្ខជាតិផងដែរ។
ជាក់ស្ដែងកាលពីសម័យដូនតារបស់យើង មិនដែលមានឱសថសាស្ត្រ សម្រាប់ព្យាបាលជម្ងឺដូចសម័យបច្ចុប្បន្ននេះឡើយ គឺមានតែដើមរុក្ខជាតិ វល្លិ ឈើព្រៃនេះហើយ ដែលជាឱសថដ៏ពូកែសាកសិទ្ធក្នុងការព្យាបាលរោគនាសម័យនោះ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ អ្នកយកព័ត៌មានប្រចាំអង្គភាពព័ត៌មាន Fresh News នៅខេត្តកំពង់ឆ្នាំង លោក សាយ សន្យា បានចុះទៅដល់ភូមិព្រែកសាលា ឋិតនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ ជួបជាមួយនឹងអ្នកយកព័ត៌មាន បងស្រីម្នាក់ដែលមានមុខរបរដើររកកាប់ ដើមរុក្ខជាតិ មកធ្វើឱសថបុរាណ បានរៀបរាប់ឲ្យដឹងថា ក្រុមគ្រួសាររបស់គាត់បានប្រកបមុខរបររកកាប់ដើមរុក្ខជាតិមកធ្វើជាឱសថបុរាណ សម្រាប់លក់ឲ្យម៉ូយ មានរយៈពេលជាង២០ឆ្នាំមកហើយ កន្លងមក គឺមានការកុម្មង់ទិញជាច្រើន ដែលគ្រួសាររបស់គាត់រកមិនទាន់ឲ្យគេទៀតផង។
បងស្រីបានឲ្យដឹងទៀតថា ដើមរុក្ខជាតិដែលត្រូវរកយកមកលក់ឱ្យម៉ូយនោះ គឺទៅតាមការកុម្មង់របស់ម៉ូយឲ្យរក ម៉ូយភាគច្រើនគេបាន កម្មង់ឱ្យរកដូចជាដើម អង្កត់ឈ្នៀង សាវម៉ាវព្រៃ វល្លិ៍ដូងព្រះ ដើមលាចផ្ទុះ ដើមឬស្សីព្រៃ ដើមឃ្លេ ដើមអង្កោលភ្នំ ដើមត្រស់ ដើមរាំង ដើមភ្នំភ្នែង ដើមរងាងកូនង៉ា វល្លិ៍ប្រេងស វល្លិ៍ប្រេងក្រហម ដើមធ្មេញត្រី ដើមក្របាស់ព្រៃ ដើមអញ្ចាញ សំបកខ្ទុំ សំបកក្រឡាញ់ សំបកកកោះ សំបកពង្រង ដើមដង្ហិតឆ្នៀង ដើមរំដួល។ល។ ។
ដើមរុក្ខជាតិដែលកាប់បានយកមកហើយ ត្រូវចិញ្ច្រាំឲ្យល្អិត ហើយយកវាទៅហាលថ្ងៃឲ្យស្ងួត ទើបច្រកចូលបេទៅតាមមុខដើមឈើនីមួយៗ ហើយត្រូវថ្លឹងគីឡូលក់ឲ្យម៉ូយ រីឯតម្លៃក៏មិនដូចគ្នាដែរ ក្នុងចំណោមដើមរុក្ខជាតិដែលបានរៀបរាប់ទាំងអស់ខាងលើនេះ គឺមានតែដើមដង្ហិតឆ្នៀងទេ ដែលមានតម្លៃថ្លៃ ព្រោះដើមដង្ហិតឆ្នៀងនេះកាលពីមុនកូវីត១៩ គាត់លក់បានក្នុងមួយគីឡូក្រាមពី ៥០០០ទៅ ៦០០០រៀល តែបច្ចុប្បន្នលក់បានក្នុងមួយគីឡូក្រាមតែ៣៥០០៛ប៉ុណ្ណោះ ដោយមិនសូវមានម៉ូយមកទិញដូចពេលមុននោះឡើយ។
បងស្រីបានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នគ្រួសាររបស់គាត់ ក៏នៅតែប្រកបមុខរបររកកាប់ដើមរុក្ខជាតិទាំងអស់នេះយកមកលក់ឱ្យម៉ូយជារៀងរាល់ថ្ងៃ បើទោះជាបច្ចុប្បន្នដើមរុក្ខជាតិទាំងអស់នេះ មិនសូវសម្បូរដូចពីរពេលមុន ដោយសារតែព្រៃខ្លះ ដែលគាត់ធ្លាប់ទៅរកត្រូវបានគេឈូសឆាយអស់ក៏ដោយ ក៏គ្រួសារគាត់នៅតែព្យាយាមដើររកមកផ្សែផ្សំ យកមកចិញ្ច្រាំលក់ឱ្យម៉ូយដោយ មិនបោះបង់នោះឡើយ ព្រោះមុខរបរនេះវាបានធ្វើឲ្យជីវភាពក្រុមគ្រួសាររបស់គាត់មានភាពធូរធារមួយកម្រិត ហើយក៏ជាមុខរបរមួយ ដែលក្រុមគ្រួសាររបស់គាត់ធ្លាប់រកជាង២០ ឆ្នាំមកហើយដែរ៕