(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ទឹកដោះម្តាយ គឺជាអាហារដ៏ល្អឥតខ្ចោះសម្រាប់ទារក និងកុមារនៅគ្រប់កាលៈទេសៈទាំងអស់។ គ្មានផលិតផលណារួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តផងនោះ ដែលល្អប្រសើរជាងទឹកដោះម្តាយនោះទេ។
តាមសេចក្ដីណែនាំ ស្ដីពីការពង្រឹងបន្ថែមលើការលើកកម្ពស់ គាំទ្រ និងការពារការបំបៅកូន ដោយទឹកដោះម្ដាយនៅកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា នៅក្នុងពេលថ្មីៗនេះ ក្រសួងសុខាភិបាលសង្កេតឃើញថា មានម្តាយមួយចំនួន បានត្អូញត្អែរពីបញ្ហាសុខភាព កូនៗរបស់ពួកគាត់ បន្ទាប់ពីបានបំបៅទឹកដោះគោម្សៅផ្សំតាមរូបមន្ត។
ក្រសួងបន្តថា ក្នុងចំណោមម្តាយៗទាំងនោះ មានម្តាយមួយចំនួន បានបញ្ជាក់ថាកូនៗ របស់ពួកគាត់មានបញ្ហាស្លេកស្លាំង បន្ទាប់ពីបានបំបៅទឹកដោះគោម្សៅតាមរូបមន្តផ្សំ រួចមកហើយលទ្ធផលពិនិត្យនៅមន្ទីរពេទ្យបានបញ្ជាក់ថា កូនរបស់គាត់មានបញ្ហាកង្វះជាតិដែក។
ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល សូមបញ្ជាក់ជូនសាធារណជនថា «ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញច្បាស់ថា ទឹកដោះម្តាយ គឺជាអាហារដ៏ល្អឥតខ្ចោះ សម្រាប់ទារក និងកុមារនៅគ្រប់កាលៈទេសៈទាំងអស់។ គ្មានផលិតផល ណារួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តផង ដែលល្អប្រសើរជាងទឹកដោះម្តាយនោះទេ។ ទឹកដោះម្តាយ មានផ្ទុករាល់សារជាតិចិញ្ចឹមទាំងអស់ ដែលទារកត្រូវការ ដោយមិនចាំបាច់បន្ថែមអាហារ ទឹក ឬភេសជ្ជៈអ្វីទៀតទេ នៅក្នុងអំឡុងពេល៦ខែ ដំបូងនៃជីវិតទារក»។
បើតាមក្រសួងសុខាភិបាល សារជាតិចិញ្ចឹមសំខាន់ៗ មាននៅក្នុងទឹកដោះម្តាយរួមមាន៖ ប្រូតេអ៊ីន ដែលជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍ ការលូតលាស់រាងកាយរបស់កុមារ ជាតិស្ករឡាក់តូស ដែលជួយផ្ដល់កម្លាំងថាមពលដល់កុមារ ជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធកោសិការាងកាយកុមារ ថែរក្សាសីតុណ្ហភាពក្នុងខ្លួនកុមារឲ្យមានលំនឹង ក៏ដូចជាការជួយរាងកាយកុមារ ដើម្បីស្តុកថាមពល និងជាតិទឹកដែលជាតម្រូវការចាំបាច់ របស់កុមារជាប្រចាំ។
លើសពីនេះទៀត ទឹកដោះម្តាយសំបូរជីវជាតិ និងរ៉ែខនិជ ដូចជា ជីវជាតិ អា បេ សេ ដេ ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ជាដើម ដែលជាភ្នាក់ងារដ៏សំខាន់ សម្រាប់ការពារកុមារពីជំងឺនានា។
ភស្តុតាងវិទ្យាសាស្ត្រដ៏រឹងមាំបញ្ជាក់ច្បាស់ទៀតថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាម ក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលរួចអាចទប់ស្កាត់ មរណភាពទារកបាន២០% កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់អំឡុងពេល៦ខែដំបូង អាចកាត់បន្ថយជំងឺរាករូសបាន១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។
ក្រសួងសុខាភិបាលបានលើកឡើងថា ការមិនបានបំបៅកូនដោយទឹកដោះម្ដាយ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍខួរក្បាល និងសតិបញ្ញាស្មារតីរបស់កុមារ។ កុមារមិនទទួលបានការ បំបៅដោយទឹកដោះម្តាយ ពេញលេញ មានទំហំខួរក្បាលតូចជាងកុមារដែលបានបំបៅដោយទឹកដោះម្តាយពេញលេញ។ មិនតែប៉ុណ្ណោះពួកគេបាត់បង់ភាពវៃឆ្លាតបើប្រៀបធៀបនឹងកុមារទទួលបាន ការបំបៅដោយទឹកដោះម្តាយពេញលេញ។
ការបំបៅកូនដោយផលិតផលជំនួសទឹកដោះម្តាយ រួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តអាចបង្កហានិភ័យជាច្រើនចំពោះកុមារ ដូចជា៖ ជំងឺរាក ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវៃចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង បញ្ហាលើសទម្ងន់ និងធាត់ជ្រុលជាដើម។
ដោយមើលឃើញគុណតម្លៃ មហាសាលរបស់ទឹកដោះម្តាយ ក្រសួងសុខាភិបាល មានគោលនយោបាយចំនួនបី ក្នុងការជំរុញលើកកម្ពស់ គាំទ្រ និងការពារការបំបៅ កូនដោយទឹកដោះម្តាយគឺ៖ ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាម ក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្តាយ តែមួយមុខ គត់រយៈពេល៦ខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារ អាយុ២ឆ្នាំ ឬលើស និងការផ្តល់អាហារបន្ថែម នៅពេលកុមារ មានអាយុចាប់ពី ៦ខែឡើងទៅ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានសុវត្ថិភាពសមស្របតាមអាយុរបស់កុមារ។
ក្រសួងសុខាភិបាល សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងធ្វើការផ្នែកគាំពារមាតា និងទារកត្រូវ៖
១៖ បង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំ ដើម្បីធានា ឲ្យបាននូវអាហារូបត្ថម្ភល្អសម្រាប់មាតា និងកុមារ ក្នុងនោះ ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគដ៏ប្រសើរបំផុត ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភកុមារ។
២៖ បង្កើនយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសារសំខាន់ នៃការបំបៅកូនដោយទឹកដោះម្តាយ និងហានិភ័យការ បំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្ត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។
៣៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន បណ្តាញព័ត៌មានសង្គមត្រូវបន្តផ្សព្វផ្សាយ និងបង្កើតកម្មវិធីផ្សេងៗឲ្យសកម្មពាក់ព័ន្ធនឹងការបំបៅកូនដោយទឹកដោះម្តាយ ប្រកបដោយអត្ថន័យ និងខ្លឹមសារអប់រំខ្ពស់ និង
៤៖ បន្តការពង្រឹងការអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវអនុក្រឹត្យលេខ១៣៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ ស្តីពីការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ និងប្រកាសរួមអន្តរក្រសួង លេខ០៦១ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០៧ ស្តីពីការអនុវត្តអនុក្រឹត្យលេខ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ៕