(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយ លើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី២។
«កិច្ចប្រជុំគណៈកម្មាធិការ សកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី២» នេះ រៀបចំឡើងនារសៀលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំពីអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ សកម្មភាព គោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (គ.ស.ស.)។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្ត វិធានការដែលបានអនុម័ត ក្នុងកិច្ចប្រជុំគណៈកម្មាធិការ លើកទី១ កន្លងមក ព្រមទាំងពិនិត្យ និងអនុម័តលើសំណើ វិធានការបន្ថែម ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (Small and Medium Enterprises-SMEs)។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃ គណៈកម្មាធិការ។ ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម, កិច្ចប្រជុំលើកទី២នេះ, គណៈកម្មាធិការបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១៖ វឌ្ឍនភាពនៃការអនុវត្តវិធានការ ដែលបានអនុម័តក្នុងកិច្ចប្រជុំលើកទី១៖
ក្រោយពីបានពិនិត្យលើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្ដវិធានការរយៈពេល២ ខែកន្លងមក, អង្គប្រជុំបានវាយតម្លៃខ្ពស់សម្រាប់លទ្ធផល ដែលសម្រេចបាន និងជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្ដសហការ និងជំរុញការអនុវត្ដវិធានការនីមួយៗ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
២៖ វិធានការស្នើសុំការពិនិត្យ និងសម្រេច៖
ក៖ ការកំណត់និយមន័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឡើងវិញ៖
ដើម្បីឱ្យមានសង្គតិភាពរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សម្រាប់ការអនុវត្ដគោលនយោបាយអភិវឌ្ឍន៍សហគ្រាស ធុនតូច និងមធ្យម ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព, ជាថ្មីម្តងទៀត, អង្គប្រជុំបានពិភាក្សាអំពីនិយមន័យសហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានកំណត់ដោយផ្អែកតាមលក្ខខណ្ឌចំនួន ២ គឺ៖ ១. ចំនួនបុគ្គលិក និង ២. ផលរបរប្រចាំឆ្នាំ ឬទ្រព្យសកម្ម ដោយបែងចែកតាមវិស័យចំនួន៣ គឺ៖
- វិស័យកសិកម្ម,
- ឧស្សាហកម្ម, និង
- សេវាកម្ម និងពាណិជ្ជកម្ម ។
ខ៖ ការលុបបំបាត់ និងការកែសម្រួលការផ្ដល់អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រដែលត្រួតគ្នា៖
អង្គប្រជុំ ក៏បានពិភាក្សាអំពីការលុបបំបាត់ និងការកែសម្រួលការផ្ដល់អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រដែលត្រួតគ្នា ។ អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រដែលផ្ដល់ត្រួតគ្នារវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវលុបបំបាត់ និងការកែសម្រួល ដោយផ្អែកលើអភិក្រមតម្លៃបន្ថែម និងវិចារណកម្ម (rationalization) និងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ។ វិស័យពាក់ព័ន្ធសំខាន់ៗ ក្នុងការលុបបំបាត់ និងការកែសម្រួលការផ្ដល់អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រដែលត្រួតគ្នានេះ រួមមាន វិស័យទេសចរណ៍ និងធុរកិច្ចផលិតចំណីអាហារពីកសិដ្ឋានផលិត រហូតដល់តុបរិភោគ។
អង្គប្រជុំក៏បានជំរុញឱ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិនិត្យលទ្ធភាពក្នុងការការសម្រួល ពន្លឿននីតិវិធីរដ្ឋបាល និងភ្ជាប់ការផ្ដល់អាជ្ញាបណ្ណ ឬ វិញ្ញាបនបត្រពាក់ព័ន្ធផ្សេងៗ ទៅក្នុងថ្នាលអនឡាញ CamDX ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការក្នុងពេលថ្មីៗ កន្លងមកនេះ ។
គ៖ កែសម្រួលមុខងារអធិការកិច្ច ដែលត្រួតគ្នារវាងក្រសួងស្ថាប័ន៖
ផ្អែកលើគោលការណ៍ណែនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី កាលពីខែ មីនា ឆ្នាំ ២០១៩ កន្លងមក, អធិការកិច្ចដែលត្រួតគ្នារវាងក្រសួង-ស្ថាប័ន ត្រូវកែសម្រួលដោយបញ្ចូលបន្ថែមនូវក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើអធិការកិច្ចចម្រុះរួមគ្នា ដោយឆែកតែមួយលើក ដោយបែងចែកមុខងារក្រសួង-ស្ថាប័នចុះអធិការកិច្ច ទៅតាមបញ្ហា ឬបណ្ដឹង និងទៅតាមសមត្ថកិច្ចក្រសួង-ស្ថាប័នក្នុងការចុះអធិការកិច្ច ក៏ដូចជាតាមដំណាក់កាលនៃច្រវាក់ផ្គង់ផ្គង់ជាអាទិ៍ ដំណាក់កាលផលិតកម្ម, កែច្នៃ និងលើទីផ្សារ ជាដើម ។
៣៖ សំណើវិធានការបន្ថែម៖
អង្គប្រជុំក៏បានស្នើឱ្យក្រុមអធិការកិច្ច ត្រូវគោរពតាមនីតិវិធីនៃការចុះអធិការកិច្ច និងត្រូវបញ្ជាក់ឲ្យបានច្បាស់ អំពីសិទ្ធិរបស់ម្ចាស់សហគ្រាស ជូនម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងពេលចុះធ្វើអធិការកិច្ចផងដែរ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា ការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការអនុវត្តវិធានការដែលបានអនុម័ត និងជំរុញការងារបន្តក្នុងការជួយលើកស្ទួយសហគ្រាស ធុនតូច និងមធ្យម គឺត្រូវការការសម្របសម្រួល និងកិច្ចសហការអន្តរក្រសួង-ស្ថាប័ន ជាអន្តរវិស័យ ក្នុងការតាមដាន និងអនុវត្ត។
បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានឆន្ទៈមុតមាំ ព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានខិតខំបំពេញ ភារកិច្ចចូលរួមដោះស្រាយបញ្ហាប្រឈមសម្រាប់លើកស្ទួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា៕