(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា អមដំណើរដោយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះចែកជីកសិកម្មដល់ប្រជាពលរដ្ឋចំនួន ៩០គ្រួសារ នៅវិទ្យាល័យស្វាយខ្សាច់ធំ ភូមិស្វាយលើ ឃុំស្វាយខ្សាច់ធំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីចូលរួមបង្កើនការដាំដុះរបស់ប្រជាពលរដ្ឋនៅតាមជនបទផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានលើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ភាគច្រើនចូលចិត្តដាំដុះបន្លែ ក្រោមរូបភាពនៃការជួយទំនុកបម្រុងពីអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកជាពិសេស ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលជាសេនាធិការឲ្យរដ្ឋបាលខេត្តកំពង់ចាម។
លោកអភិបាលខេត្តបានបន្តថា «បច្ចុប្បន្ននេះការដាំដុះបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ គឺមានការរីកចម្រើនខុសពីមុន ដោយមួយផ្នែកសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងគ្រួសារ និងមួយផ្នែកទៀត សម្រាប់យកទៅលក់នៅទីផ្សារ ដូច្នេះការបង្កើនបរិមាណដាំដុះនេះ ចាំបាច់ណាស់ត្រូវការបច្ចេកទេស ដើម្បីធ្វើឲ្យផលដំណាំមានគុណភាព យកទៅប្រកួតប្រជែងលើទីផ្សារ។ ប្រការនេះបានធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋមានការរីកចម្រើន អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជាផ្នែកមួយចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងមូលដ្ឋានផងដែរ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋយើង»។
អភិបាលខេត្តបានបញ្ជាក់ផងដែរថា ធាតុចូលកសិកម្ម ដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន៩០គ្រួសារនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបានជីចំនួន២បាវ សម្រាប់គាំទ្របណ្តុះអាជីវកម្ម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យចេះថែរក្សាសុខភាព ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩ ហើយការបើកបរត្រូវអនុវត្តគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនផងដែរ ដើម្បីជៀសផុតពិការគ្រោះថ្នាក់រងរបួស ឬដល់អាយុជីវិតដោយយថាហេតុ៕