(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានក្រុមការងារមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន (SOMTC-Leader) បានលើកឡើងថា អំពើចែកចាយផលិតផលក្លែងក្លាយ គឺជាបទល្មើសមួយ ដែលទើបត្រូវបានគេចាត់ជា បទឧក្រិដ្ឋកម្មឆ្លងដែន ហើយវាជាបទល្មើសថ្មីប្រចាំទសវត្សរ៍។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានធ្វើឡើងក្នុងឱកាសដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធក្រសួងមហាផ្ទៃជាច្រើនរូប ចូលរួមកិច្ចប្រជុំស្តីពី ឧក្រិដ្ឋកម្មឆ្លងដែនលើកទី២០ ដែលរៀបចំដោយប្រទេសហ្វីលីពីន តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា «ឧក្រិដ្ឋកម្មឆ្លងដែន គឺជាបទឧក្រិដ្ឋដែលធ្វើឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀត ហើយបទឧក្រិដ្ឋនេះ ខ្ញុំអាចរៀបរាប់ជាត្រួសៗ រួមមាន៖ ភេរវកម្ម, ការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀន, ជួញដូរស្ត្រីភេទ និងកុមារ, ការលាងលុយកខ្វក់ ហើយបទឧក្រិដ្ឋចែកចាយផលិតផលក្លែងក្លាយឆ្លងដែន ជាបទឧក្រិដ្ឋមួយថ្មី ដែលគេទើបតែកំណត់ចូលជាបទឧក្រិដ្ឋឆ្លងដែនដែរ ដែលអង្គការសហប្រជាជាតិ និងប៉ូលីសអាំងទែប៉ូលថា ជាបទល្មើសថ្មីប្រចាំទសវត្សរ៍។ បន្ថែមលើសនេះទៀត មានបទល្មើសបច្ចេកវិទ្យា បទល្មើសចោរកម្មតាមលំហរសមុទ្រជាដើម»។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអំពីកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានឲ្យដឹងបន្តថា បទល្មើសឆ្លងដែននេះ មិនមានស្ថាប័នណាមួយ ឬប្រទេសណាមួយឯកឯង ដែលអាចធ្វើទៅមានប្រសិទ្ធភាពទេ គឺវាត្រូវការវិធានការចម្រុះ។ ការប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរួមគ្នា របស់បណ្តាប្រទេសទាំងអស់ ក៏ដូចជាភាគីពាក់ព័ន្ធនៅក្នុងប្រទេស ទើបការបង្ការការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន បានសម្រេចជោគជ័យ និងមានប្រសិទ្ធភាព។
លោកបានបន្តថា ចំពោះបទឧក្រិដ្ឋកម្មឆ្លងដែននេះទៀតសោត ឆ្នាំខ្លះការប្រឆាំងនឹងភេរវកម្មមានការកើនឡើង ពេលខ្លះទៀតការជួញដូរអាវុធឆ្លងដែនមានការកើនឡើង ខណៈពេលខ្លះការជួញដូរស្ត្រី និងកុមារ មានការកើនឡើង ដែលវាប្រែប្រួលទៅតាមស្ថានការណ៍ពិភពលោក។ ក្នុងកិច្ចប្រជុំស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី២០ ប្រទេសសមាជិកអាស៊ានទាំងអស់ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋឆ្លងដែនជាមួយគ្នា ដើម្បីសន្តិភាពនៅក្នុងតំបន់។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់បន្តយ៉ាងដូច្នេះ «យើងមានការតាំងចិត្ត និងការប្តេជ្ញាខ្ពស់ ហើយរៀងរាល់ឆ្នាំ ការប្រែប្រួលនៃស្ថានភាពបទឧក្រិដ្ឋឆ្លងដែន វាផ្លាស់ប្តូរទៅតាមស្ថានការណ៍អន្តរជាតិ និងលើពិភពលោក»។
សម្រាប់ឆ្នាំ២០២០ បទឧក្រិដ្ឋកម្មឆ្លងដែន ដែលគេកំពុងប្រឹងប្រែងទប់ស្កាត់នោះគឺ ការចែកចាយផលិតផលក្លែងក្លាយទាក់ទងនឹងឱសថសាស្ត្រ និងសម្ភារវេជ្ជសាស្ត្រ ដោយសារបញ្ហាជំងឺកូវីដ១៩។ កម្ពុជាក៏លើកឡើងប្រធានបទនេះ ដើម្បីទាញយកនូវចំណាប់អារម្មណ៍ របស់ប្រទេសសមាជិកអាស៊ាន ដើម្បីឲ្យមានការយកចិត្តទុកដាក់ និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាបន្ថែមទៀត ធ្វើយ៉ាងណាឲ្យមានការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេល នូវឱសថសាស្ត្រ និងសម្ភារវេជ្ជសាស្ត្រក្លែងក្លាយទាំងនេះ៕