(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី បានបន្តទម្លាយប្រាប់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា លោក និងវិទ្យុអាស៊ីសេរី មានអារម្មណ៍ធុញទ្រាន់ស្ទើរតែស្លាប់ទៅហើយ ចំពោះអតីត CNRP ដែលគ្មានលទ្ធភាពអ្វីក្រៅតែពីពឹងពាក់វិទ្យុអាស៊ីសេរី ឱ្យផ្សព្វផ្សាយឱ្យខ្លួននោះឡើយ។
កិច្ចសន្ទនាដ៏សម្ងាត់រយៈពេល២ម៉ោងរវាង លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី និង លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសំឡេងសន្ទនានេះ ត្រូវបានលាក់ទុករហូត ដោយទើបនឹងទម្លាយ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីលោក ជុន ច័ន្ទបុត្រ ចាប់ផ្តើមភ័យខ្លួន ដោយចេញមកបំភ្លៃការពិតវាយប្រហារ លោក ហ៊ុន ម៉ាណែត ដើម្បីរំដោះខ្លួនពីការសង្ស័យរបស់មេធំបរទេស។
បន្ទាប់ពីរៀបរាប់អំពីកិច្ចការផ្ទៃក្នុងមួយចំនួនប្រាប់ដល់ លោក ហ៊ុន ម៉ាណែត, លោក ជុន ច័ន្ទបុត្រ បានទទួលស្គាល់នូវអ្វីដែល អាស៊ីសេរី ផ្សព្វផ្សាយកន្លងទៅថា មានភាពលម្អៀងទៅរក អតីតគណកប្សសង្រ្គោះជាតិ ច្រើនជាងគណបក្សកាន់អំណាច។ ប៉ុន្តែជាមួយគ្នានេះ លោកបង្ហាញអំពីបំណងរបស់លោក ចង់ឱ្យមន្រ្តីគណបក្សប្រជាជនកម្ពុជា ដែលប៉ិនប្រសព្វក្នុងការនិយាយចូលរួមកម្មវិធីវិទ្យុអាស៊ីសេរីវិញម្តង ដោយសារតែ CNRP គួរឱ្យធុញទ្រាន់ខ្លាំងណាស់សម្រាប់លោក។
លោកបញ្ជាក់បែបនេះថា៖ «ហើយបើក្មួយទុកចិត្តចុះ នៅអាស៊ីសេរីយើងខ្មែរដូចគ្នា គឺស្រលាញ់ជាតិដូចគ្នា គ្មាន Agenda មួយណាមកប្រឆាំងទេ ប្រាកដហើយ CNRP ប្រើអាស៊ីសេរIបានច្រើនជាង ខិតចូលជិតជាង គេពូកែជាង នៅពេលហ្នឹងយើងក៏អស់ជម្រើសដែរ យើងក៏ធុញសឹងងាប់ហើយហ្នឹង»។
លោក ជុន ច័ន្ទបុត្រ បានបង្ហាញពីពាក្យអារម្មណ៍ព្រួយបារម្ភ នៅពេលដែលលោកមានវត្តមានក្នុងទីកន្លែងដែលមានបាតុកម្មប្រឆាំងរដ្ឋាភិបាល។ លោកខ្លាចក្រុមអ្នកប្រឆាំងយករូបលោកដើម្បីកេងចំណេញនយោបាយ ដូចករណីដែលលោកបានថតជាមួយក្រុមបាតុករកន្លងទៅ ដោយមានភ្ជាប់ទៅនឹងរូបភាពបង្កប់ខ្លឹមសារថា លោក ហ៊ុន ម៉ាណែត ជាជនក្បត់ជាតិ។
លោក ជុន ច័ន្ទបុត្រ បាននិយាយទម្លាយប្រាប់លោក ហ៊ុន ម៉ាណែត ក្នុងកិច្ចសន្ទនាប្រមាណ២ម៉ោងយ៉ាងដូច្នេះថា៖ «តាំងពីពេលហ្នឹងមក គឺប្រយ័ត្នមែនទែន ឈរត្រង់ណាមើលអត្ថន័យហ្នឹងសិន បើមិនអញ្ចឹងទេ គេយកទៅកេងចំណេញនយោបាយបាត់ ហើយយើងមិនដឹងទៅជាស្អីអញ្ចឹងទៅ ហើយរឿងខ្លះគេកេងចំណេញសុទ្ធសាធ មនុស្សដែលអង្គុយចាំកេងចំណេញ គេកេងគ្រប់រឿង..គឺគេគេងចំណេញគ្រប់រឿងទាំងអស់ទៅ អីហ្នឹងគេងចំណេញគ្រប់រឿងទាំងអស់ ដែលថ្ងៃខ្លះពូសឹងតែដើរចេញ»។
លោក ជុន ច័ន្ទបុត្រ បានចូលមកប្រទេសកម្ពុជា ជាលើកចុងក្រោយកាលពីខែមេសា ឆ្នាំ២០១៧ ដើម្បីបំពេញបេសកកម្មរយៈពេល៣ខែ។ ទោះជាយ៉ាងនេះក្តី លោក ជុន ច័ន្ទបុត្រ ទំនងជាត្រូវបានមេរបស់ខ្លួនចាត់តាំងឱ្យបន្លំលួចចូលពន្ធនាគារ តាមរយៈអតីតសមាជិកគណបក្សប្រឆាំងមួយចំនួន ដើម្បីស៊ើបការណ៍នៅទីនោះ ដែលករណីនេះហើយ បានក្លាយជាកំហុសព្រហ្មទណ្ឌ ធ្វើឱ្យលោកត្រូវបានតុលាការចោទប្រកាន់ រហូតដល់រត់ភៀសខ្លួនជាបន្ទាន់ពីប្រទេសកម្ពុជា។
ទោះជាយ៉ាងនេះក្តី មុនពេលចេញពីកម្ពុជា លោក ជុន ច័ន្ទបុត្រ ធ្លាប់ឆាតទាក់ទងលោក ហ៊ុន ម៉ាណែត ដើម្បីសុំជួយអន្តរាគមន៍មិនឱ្យតុលាការចោទប្រកាន់លោក ឬអនុវត្តនីតិវិធីផ្សេងៗ ប៉ុន្តែសម្រាប់លោក ហ៊ុន ម៉ាណែត ករណីនេះលោកជំរុញឱ្យ លោក ជុន ច័ន្ទបុត្រ កុំមានការភ័យខ្លាច ហើយចូលរួមអនុវត្តតាមនីតិវិធីតុលាការផងដែរ។ នេះបើតាម លោក រដ្ឋា វិសាល ដែលជាសាក្សីសំខាន់ក្នុងជំនួបសម្ងាត់រវាង លោក ជុន ច័ន្ទបុត្រ និង លោក ហ៊ុន ម៉ាណែត៕