(បន្ទាយមានជ័យ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យ បានថ្លែងថា កម្មវិធីកំណែទម្រង់សាកល វិទ្យាល័យមានជ័យមានចំនួន ៦ចំណុច ត្រូវយកទៅអនុវត្ដ៖ រចនាសម្ព័ន្ធគ្រប់គ្រង, ការគ្រប់គ្រងហិរញ្ញវត្ថុ និងថវិកា, ការគ្រប់គ្រងបុគ្គលិក, សេវាកម្មនិស្សិត, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ការអភិវឌ្ឍកម្មវិធីសិក្សា និងសិក្សាស្រាវជ្រាវ។
ការថ្លែងបែបនេះរបស់លោក ស សុខា ធ្វើឡើងនៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាកលវិទ្យាល័យមានជ័យ ដោយមានការចូលរួមពីលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
ក្នុងកិច្ចនោះលោក ស សុខា បានបន្តទៀតថា ការអប់រំដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍជាតិ ការអភិវឌ្ឍធនធានមនុស្ស ត្រូវបានដាក់បញ្ចូល ក្នុងវិស័យអទិភាពទី១ នៃកម្មវិធីយុទ្ធសាស្ត្រចតុកោណ របស់រដ្ឋាភិបាលដំណាក់កាលទី៤ ដើម្បីឆ្ពោះទៅរកការងារសមធម៌ និងប្រសិទ្ធភាព។
លោកថា ទន្ទឹមនឹងការបណ្ដុះបណ្ដាលនៅកម្រិតឧត្ដមសិក្សា គឺជាផ្នែកមួយដែលរួមចំណែកសម្រេចគោលដៅ អភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាល និងឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងបរិបទខាងលើ។
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ឧត្តមសិក្សា និងគោលនយោបាយស្ដីពីចក្ខុវិស័យឧត្តមសិក្សាឆ្នាំ ២០៣០ ទៅកសាងសម្ព័ន្ធសិក្សាមួយ ប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍធនធានមនុស្ស ឲ្យមានចំណេះដឹងជំនាញ និងសីលធម៌ខ្ពស់ សម្រាប់រស់នៅក្នុងយុគសម័យភារូបនីយកម្ម និងសង្គមផងដែរ។
លោក ស សុខា បានបញ្ជាក់ឲ្យដឹងទៀតថា ពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យមានជ័យនេះ ធ្វើឡើងក្នុងគោលបំណង៖
*ទី១៖ លើកឡើងអំពីគោលនយោបាយអភិវឌ្ឍធនធានមនុស្ស របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងកម្មវិធីកំណែទម្រង់វិស័យអប់រំឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា
*ទី២៖ លើកឡើងអំពីសាកលវិទ្យាល័យមានជ័យ ដែលជាគ្រឹះស្ថានសិក្សារដ្ឋតែមួយគត់ នៅក្នុងខេត្តបន្ទាយមានជ័យ។
លោក ស សុខា បានកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រប សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង មន្ត្រី សាស្ត្រាចារ្យ និស្សិតនិងមន្ត្រី អ្នកពាក់ព័ន្ធដែលសម្រេចបាន គួរឲ្យមានមោទនភាពក្នុងរយៈពេលចុងក្រោយនេះ។
ជាមួយគ្នានោះ លោកបណ្ឌិត ស៊ន សេងហុក អនុប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ បានធ្វើបទបង្ហាញពីកម្មវិធីកំណែទម្រង់ សាកលវិទ្យាល័យមានជ័យ ឆ្នាំ២០២០ ដែលឆ្លុះបញ្ចាំងពីដំណើរប្រែប្រួលវិជ្ជាមាននៃគ្រឹះស្ថាននេះ និងក៏មានបទបង្ហាញស្លាយដោយរូបភាពអម ដោយការអត្ថាធិប្បាយសង្ខេបពីលទ្ធផល ទិដ្ឋភាពនិងប្រសិទ្ធផល ប្រសិទ្ធភាពនៃសាកលវិទ្យាល័យនេះផងដែរ៕