(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានសព្វព្រះរាជហឫទ័យយាងប្រោសប្រទានសញ្ញាបត្រ ប្រគេន-ជូនដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសរុបប្រមាណ ៨១៥អង្គ និងរូប។
នៅក្នុងព្រះរាជពិធីប្រទានសញ្ញាបត្រនេះ ក៏មានការនិមន្តចូលរួមពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិតិ្តឧទេ្ទសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងថ្នាក់ដឹកនាំមន្ត្រីសង្ឃជាច្រើនអង្គ។ ព្រះរាជពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាច្រើនរូបផ្សេងទៀត។
សមណនិស្សិត-និស្សិត ដែលទទួលសញ្ញាបត្រក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរនៅថ្ងៃនេះរួមមាន៖ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ព្រះរាជពិធីប្រទានសញ្ញាបត្រដល់សមណនិស្សិត-និស្សិតនេះ ធ្លាប់បានធ្វើឡើងពីលើកមកហើយ។ ព្រះរាជពិធីលើកទី១ និងលើកទី២ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងព្រះបរមរាជវាំង ដោយសារសមណនិស្សិត-និស្សិតមានចំនួនតិច។
ដោយឡែក ព្រះរាជពិធីប្រទានសញ្ញាបត្រលើកទី៣នេះ ត្រូវបានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ដោយសារតែសមណនិស្សិត-និស្សិតមានចំនួនច្រើន។ ព្រះរាជពិធីប្រោសប្រទានសញ្ញាបត្រប្រគេន និងជូន ដល់សមណនិស្សិត-និស្សិត ត្រូវបានធ្វើឡើងយ៉ាងមហោឡារិកអធិកអធម និងមានរបៀបរៀបរយគួរចាប់អារម្មណ៍ខ្ពស់បំផុត។
និស្សិតជ័យលាភីទាំងបុរស និងស្រ្តី ត្រូវបានរំលេចនូវសម្លៀកបំពាក់បង្ហាញនូវវប្បធម៌ប្រពៃណីខ្មែរ ដោយតម្រូវឱ្យពាក់អាវប៉ាក់ អាវបំពង់ ជាមួយនឹងសំពតចងក្បិន ដោយមានបែងចែកពណ៌ទៅតាមកម្រិតសញ្ញាបត្រដែលត្រូវទទួលបានផងដែរ។
ក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ ព្រះមហាក្សត្រខ្មែរព្រះអង្គបានផ្តល់ព្រះកិត្តិយសមានព្រះរាជបន្ធូលទៅកាន់កម្មវិធីផងដែរ។ ព្រះមហាក្សត្រខ្មែរ ព្រះអង្គបានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមណៈនិស្សិត និស្សិតទាំងអស់នៃពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ដែលបានខិតខំរៀនសូត្រទទួលក្រេបយកចំណេះវិជ្ជាទាំងផ្នែកព្រះធម៌វិន័យ និងផ្នែកវិទ្យាសាស្ត្រផ្សេងៗ ដើម្បីជាទុនសម្រាប់បំពេញការងារផ្នែកពុទ្ធចក្រ និងអាណាចក្រសម្តៅរួមចំណែកកសាងសង្គមជាតិឱ្យទទួលបានសេចក្តីសុខ សន្តិភាព និងភាពរីកចម្រើនក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
អង្គព្រះមហាក្សត្រខ្មែរ មានព្រះរាជបន្ទូលថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យសង្គមជាតិទទួលបាននូវសេចក្តីសុខសន្តិភាព និងភាពរីកចម្រើនលូតលាស់លើគ្រប់វិស័យ ក្នុងនោះវិស័យពុទ្ធកសិក្សាចាប់ពីបឋមសិក្សារហូតដល់ឧត្តមសិក្សា។
ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលកោតសរសើរដល់ថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជាទាំងអស់ ដែលបានខិតខំអស់ព្រះកម្លាំងកាយ និងព្រះទ័យ និងកម្លាំងកាយ ចិត្ត ដើម្បីដឹកនាំ គ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យ និងផ្តល់ចំណេះដឹងដល់សមណនិស្សិត និងនិស្សិត។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមួយ ដែលបានចូលរួមចំណែកផ្តល់ការអប់រំដល់ព្រះសង្ឃ និងកូនចៅប្រជាពលរដ្ឋខ្មែរ ដោយមិនគិតប្រាក់កម្រៃនោះឡើយ។ ពុទ្ធិកសាកលវិទ្យាល័យនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹង និងបណ្តុះធនធានមនុស្សនៅកម្ពុជា។
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិតិ្តឧទេ្ទសបណ្ឌិត បួរ គ្រី មានព្រះរាជបន្ទូលឱ្យដឹងថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបង្កើតឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៤ ដោយប្រសិទ្ធិនាមថា «ពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា» ដែលជាការប្រោសព្រះរាជទាននូវព្រះបរមរាជនាមខ្ពង់ខ្ពស់បំផុត ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញតឱ្យប្រែក្លាយពីពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា ទៅជា «ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា»។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះរាជបន្ទូលឱ្យដឹងទៀតថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បណ្ដុះបណ្ដាលទៅលើជំនាញចំនួន០៦ រួមមាន៖ វិទ្យាសាស្ត្រអប់រំ, គ្រប់គ្រងទូទៅ, ទស្សនវិជ្ជាព្រះពុទ្ធសាសនា, នីតិសាស្ត្រ, វិទ្យាសាស្ត្រកុំព្យូទ័រ និងភាសាអង់គ្លេស។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះរាជបន្ទូលឱ្យដឹងផងដែរថា គិតចាប់តាំងពីឆ្នាំសិក្សា ២០០៤ រហូតមកដល់ ឆ្នាំ២០១៩ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបណ្ដុះបណ្ដាលសមណនិស្សិត-និស្សិត ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បញ្ចប់ទៅដោយជោគជ័យ សរុបចំនួន ៣,៩៨២ រូប និងកំពុងបណ្ដុះបណ្ដាលឆ្នាំសិក្សា២០២០ សរុបចំនួន ១,៦៧៥រូប។
លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងក្នុងព្រះរាជពិធីនេះថា ក្នុងស្មារតីបង្ហាញពីឆន្ទៈ ការប្តេជ្ញាចិត្ត និង បុព្វហេតុនៃការកសាង និង អភិវឌ្ឍន៍ធនធានមនុស្ស ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា បានចូលរួមចំណែកយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការបណ្តុះបណ្តាលធនធានបញ្ញាជនក្នុងបរិបទនៃសង្គមពុទ្ធិ និងបានអនុវត្តតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្តតាមគោលនយោបាយ និងផែនការជាយុទ្ធសាស្រ្ត ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល។
បន្ថែមពីលើនេះ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែង និង គុណភាព សិក្សារបស់ សមណនិស្សិត-និស្សិត ពុទ្ធិកសាកលវិទ្យាល័យ បានកំណត់នូវគោលដៅ ជាអាទិភាពថា «ការអប់រំប្រកបដោយគុណភាព គឺជាបុព្វហេតុដ៏ចម្បង ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ និងជាកូនសោរសម្រាប់ដោះស្រាយនូវបញ្ហាសេដ្ឋកិច្ច និង សង្គម»។
នៅក្នុងព្រះរាជពិធីដ៏សែនរីករាយ និងអធឹកអធមនៃព្រះរាជពិធីប្រទានសញ្ញាបត្រនេះ ដើម្បីជាការលើកទឹកព្រះទ័យ និងទឹកចិត្ត សមណនិស្សិត និស្សិតនោះបន្ទាប់ពីមានព្រះរាជបន្ទូលហើយ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងប្រទានដោយផ្ទាល់ព្រះហស្ថនូវសញ្ញាបត្រប្រគេន-ជូនដល់សមណនិស្សិត និស្សិតទាំងជាង ៨០០អង្គ/រូប៕