(កណ្តាល)៖ នៅវេលាព្រឹកថ្ងៃសោរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅមន្ទីរគណបក្សគណបក្សប្រជាជនកម្ពុជា មានរៀបចំកម្មវិធីសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកកៀនស្វាយ ផ្សារភ្ជាប់ក្នុងវិស័យកសិកម្ម ក្រោមអធិបតីភាព លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម កៀនស្វាយ និងស្រុកខ្សាច់កណ្តាល។
ក្នុងនោះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក អ៊ូ ឈាង អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ យុវជន និងកសិករសរុបប្រមាណ២៤៥នាក់។
ក្នុងពិធីនោះ លោក កៅ ថាច ក៏បានជម្រាបជូនដល់បងប្អូនប្រជាកសិករ និងយុវជនទាំងអស់នូវចំណុចសំខាន់ចំនួន៦៖
១៖ ធ្វើការផ្សព្វផ្សាយពីសភាពការណ៍នយោបាយថ្មីៗ និងលើកពីសមិទ្ធផលការងារ ដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ទន្ទឹមនេះ លោ កៅ ថាច បន្តលើកទឹកចឹត្ត និងបណ្តុះស្មារតីឲ្យយុវជន និងកសិករ បន្តស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមជួយផ្សព្វផ្សាយអំពើល្អ និងសមិទ្ធផលនានាដែលគណបក្សសម្រេចបាន។
២៖ អំពីព័ត៌មានសេដ្ឋកិច្ចនៅបរទេស និង នៅប្រទេសកម្ពុជា។
៣៖ អំពីតួនាទីរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
៤៖ អំពីគោលការណ៍ឥណទាន និងនិតីវិធីដើម្បីទទួលបានឥណទាន ក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក។
៥៖ ធ្វើការចែករំលែកព័ត៌មាន អំពីវិស័យកសិកម្មនៅកម្ពុជា និងបានលើកយកឧទាហរណ៍ជាក់ស្តែងមួយចំនួន ជាធាតុចូល អំពីការរៀបចំផែនការ ដើម្បីដាំដុះ ការចិញ្ចឹម ដែលធ្វើឱ្យចំណេញទាំងថវិកា ពេលវេលា និងជាពិសេសធានាបានអំពីការផ្គត់ផ្គង់ ចូលទីផ្សារបានគ្រប់គ្រាន់ផងដែរ។
៦៖ លើកទឹកចិត្តដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ឱ្យធ្វើការពង្រីកអាជីវកម្ម ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 ហើយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មធានាទំលាក់ឥណទានជូន ក្នុងករណីបងប្អូនមានតម្រូវការ។
ជាមួយគ្នានេះ លោក កៅ ថាច នឹងរៀបចំគ្រូបង្គោល ដើម្បីចូលរួមជួយបណ្តុះបណ្តាលលើជំនាញចិញ្ចឹមសត្វ និងដាំដុះបន្លែ ផែនការអាជីវកម្ម ដើម្បីអោយបងប្អូនមានគំនិតជាសហគ្រិនភាពផងដែរ៕