(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សសង្កាត់ពន្សាំង នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីប្រកាសបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន៤៨នាក់។
ពិធីខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ពន្សាំង និងលោក ម៉ៅ បូរ៉ា អនុប្រធានប្រចាំការ គណបក្សខណ្ឌ។
លោក សុខ សម្បត្តិ ថ្លែងអំណរគុណ និងស្វាគមន៍ចំពោះសមាជិកថ្មីទាំង៤៨នាក់នេះ ដែលបានសម្រេចចិត្ត ចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយតែមួយគត់ តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ។
លោក សុខ សម្បត្តិ បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជានាយករដ្ឋមន្ត្រី ដែលបានកើតចេញ ពីការតស៊ូដ៏អង់អាចក្លាហាន យកជីវិតធ្វើដើមទុន ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងបានឆ្លងកាត់សមរភូមិ ដ៏កាចសាហាវ ដែលគ្មានឥស្សរៈជន គណបក្សនយោបាយណាធ្វើបាននោះទេ។
លើសពីនោះទៀត លោក សុខ សម្បត្តិ បានបន្ដថា មិនត្រឹមតែបានរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព និងបានរំលត់ភ្លើង សង្គ្រាម ស៊ីវិលរ៉ាំរៃ ដោយជោគជ័យ តាមរយៈនយោបាយឈ្នះ-ឈ្នះ។
លោក សុខ សម្បត្តិ បានលើកឡើងទៀតថា អ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ឋិផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា៕