(កណ្ដាល)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀត មកចែកជូនកសិករចំនួន៥២គ្រួសារ នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានធ្វើការសំណេះសំណាល ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មកជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋ គ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។
លោករដ្ឋមន្រ្តី វេង សាខុន បានលើកឡើងអំពីសកម្មភាព នៃយុទ្ធនាការជំរុញផលិតកម្មស្បៀងមានជាអាទិ៍៖ ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និងកង្កែបជាលក្ខណគ្រួសារ តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៨ ខែកុម្ភៈ និងកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងមក ដោយសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយៈការពង្រឹង និងពង្រីកសកម្មភាព ចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណៈគ្រួសារ ដើម្បីបង្កើនចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀត កំពុងប្រឈមបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩ ហើយសម្រាប់យុទ្ធនាការដ៏មានសារសំខាន់នេះ សម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២០០០លានរៀលផងដែរ។
លោករដ្ឋមន្ត្រី វេង សាខុន បានបន្ថែមទៀតថា ស្រុកខ្សាច់កណ្តាល ជាស្រុកមួយក្នុងចំណោមស្រុកទាំង១១ ក្នុងខេត្តកណ្តាល ដែលមានសក្តានុពលផ្នែកផលិតកម្មបន្លែ សម្រាប់ផ្គត់ផ្គង់ឲ្យរាជធានីភ្នំពេញ ហេតុនេះហើយលោកបានណែនាំ ឲ្យប្រជាកសិករត្រូវឆ្លៀតទាញយកប្រយោជន៍ពីឱកាសមាសនេះ តាមរយៈខិតខំបង្កើន ផលិតភាពផលិតកម្មបន្លែ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំរួមផ្សំ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គងឲ្យទីផ្សារ និងសន្តិសុខស្បៀង។
ចំពោះការចិញ្ចឹមត្រី លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ត្រូវចុះមកជួយជំរុញការចិញ្ចឹមត្រី ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។ ត្រូវធ្វើការតាមដាននូវរាល់សកម្មភាព របស់វារីវប្បករដែលនឹងយកកូនត្រី ទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យការចិញ្ចឹម ទទួលបានផលល្អ។
ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច រៀបចំបណ្តុំផលិតកម្មចិញ្ចឹម ដើម្បីធានាការផ្គត់ផ្គង រៀបចំផែនការចិញ្ចឹមច្បាស់លាស់ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ត្រូវតែបន្តយុទ្ធនាការនៃការជំរុញផលិតកម្មស្បៀងនេះ ឲ្យមាននិរន្តរភាពតាមរយៈបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។
រដ្ឋបាលជលផលត្រូវពិនិត្យ លើគោលការណ៍នាំចូលត្រីគ្រប់ប្រភេទ ដើម្បីធ្វើការកាត់បន្ថយបរិមាណ ឬបញ្ឈប់ការនាំចូល ដែលនាំឲ្យប៉ះពាល់ដល់ផលិតកម្ម ត្រីក្នុងស្រុក។ សម្រាប់ថ្ងៃនេះ កសិករចំនួន ៥២គ្រួសារ គ្រួសារនីមួយៗ ទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី៤បាវ និងតង់ប្លាស្ទិកចិញ្ចឹមត្រី ១។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានជួយប្រេង ១០០០លីត្រ ទុកជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវផងដែរ។
ស្ថិតក្នុងស្រុខ្សាច់កណ្តាលដដែល ចេញពីកម្មវិធីចែកកូនត្រី លោករដ្ឋមន្ត្រី វេង សាខុន, លោកអភិបាលខេត្ត និងសហការី បានបន្តដំណើរមកពិនិត្យផលិតកម្ម ដំណាំបន្លែ (ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់។
ម្ចាស់ចំការប្រុស ស្រី បានរៀបរាប់ជូនលោករដ្ឋមន្ដ្រី មន្រ្តីអំពីការងារដាំដុះ ប្រមូលផលទីផ្សារចំណូល ការងារបណ្តុំបន្ថែសុវត្ថិភាព និងបញ្ហាផ្សេងៗ។
ពួកគាត់បានបញ្ជាក់ថា ក្នុងមួយឆ្នាំគាត់ទទួលបានប្រាក់ចំណូល ប្រមាណជាបីពាន់ដុល្លារអាមេរិក ហើយទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី លោកអភិបាលខេត្ត និងជាពិសេសមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែផ្តល់កំលាំងចិត្តគាំទ្រ និងជួយជាបច្ចេកទេសរៀងរហូត ធ្វើឲ្យផលិតកម្មបន្លែ របស់ពួកគាត់ រីកចម្រើនធំធាត់រហូតមកទល់បច្ចុប្បន្ន ប៉ុន្តែមានបញ្ហាសំខាន់មួយគឺតំបន់នេះទឹកទន្លេឡើងលិចរៀងរាល់ឆ្នាំទើបតែឆ្នាំនេះ ពុំមានទឹកលិចទេ ដូច្នេះពួកគាត់បានដាំបន្តទៀត។
បន្ទាប់ពីបានអញ្ជើញចុះពិនិត្យចំការបន្លែរួចមក លោករដ្ឋមន្ត្រី វេង សាខុន បានសាទរ និងគាំទ្រចំពោះការខិតខំប្រឹងប្រែងដាំបន្លែ គ្រាន់ជាប្រភពចំណូលក្នុងគ្រួសារ។
លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំមន្ទីរចុះមកជួយរៀបចំចងក្រង និងពង្រឹងបណ្តុំអាជីវកម្មបន្លែ ដើម្បីធានាបានទីផ្សារតម្លៃនិរន្តរភាព នៃការផ្គត់ផ្គង់ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលឈានទៅធ្វើឲ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាបរិមាណផ្គត់ផ្គង់ ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ ដើម្បីចូលរួមចំណែកជួយរក្សាបាន នូវសន្តិសុខស្បៀងក្នុងគ្រួសារបានយ៉ាងល្អប្រសើរ ក្នុងខណៈដែលពិភពលោក កំពុងជួបបញ្ហាវិបត្តិជំងឺឆ្លងកូវីដ-១៩៕