(ភ្នំពេញ)៖ ខណៈដែលប្រទេសជាច្រើនកំពុងប្រារព្ធ «ទិវាសម្អាតពិភពលោក» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជាក៏បានប្រារព្ធទិវាអន្តរជាតិនេះផងដែរ ដោយផ្ដោតលើការផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធនឹងបញ្ហាសំរាម និងអប់រំដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់អំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ទិវាសម្អាតពិភពលោកនាថ្ងៃនេះ បានធ្វើឡើងនៅតាមមាត់ទន្លេសាប ចាប់ពីមុខព្រះបរមរាជវាំងរហូតដល់មុខផ្សាររាត្រី ដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ មន្ទីរទេសចរណ៍រាជាធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គការ LET'S DO IT WORLD ប្រចាំតំបន់អាស៊ី ក្រុមហ៊ុនប្រេងឥន្ធនៈ Total ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សរុបប្រមាណ ៣០០នាក់។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីឱ្យរាជធានីភ្នំពេញគ្មានសំរាម ចាំបាច់ត្រូវមានកត្តា ៣៖
*ទី១៖ ប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមឱ្យបានត្រឹមត្រូវតាមម៉ោងដែលបានកំណត់ ហើយនៅពេលយកសំរាមទៅទុក ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ។
*ទី២៖ ក្រុមហ៊ុនប្រមូលសំរាមត្រូវប្រមូលសំរាមឱ្យបានត្រឹមត្រូវតាមម៉ោងកំណត់ដែរ និងត្រូវសម្អាតនៅកន្លែងយកសំរាមនីមួយៗឱ្យបានស្អាតល្អ។
*ទី៣៖ ខាងស្ថាប័នសាធារណៈ ក៏ត្រូវរៀបចំឱ្យមានទីលានចាក់សំរាមប្រកបដោយស្ដង់ដាផងដែរ។
លោកថា កាលណាកិច្ចការទាំងបីនេះមានភាពស៉ីចង្វាក់គ្នា ទើបទីក្រុងទាំងមូលជាទីក្រុងគ្មានសំរាម មានសោភ័ណភាពស្អាត ទាក់ទាញភ្ញៀវទេសចរ។
លោក ហួត ហៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយនៅរាជធានីភ្នំពេញ ត្រូវបញ្ចេញសំរាមឱ្យបានត្រឹមត្រូវតាមម៉ោងដែលបានកំណត់ ហើយនៅពេលយកសំរាមទៅទុកត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកម្មករប្រមូលសំរាមងាយស្រួលក្នុងការប្រមូលដាក់ក្នុងរថយន្តដឹកសំរាម និងបង្កឱ្យមានសោភ័ណភាពក្នុងរាជធានីផងដែរ។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា គោលបំណង នៃយុទ្ធនាការសម្អាត និងធ្វើអនាម័យនាពេលនេះ គឺចង់បង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត នៅតំបន់សួនច្បារច្រាំងទន្លេនេះ ត្រូវចេះស្រលាញ់បរិស្ថាន ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងមិនត្រូវចោលសំរាម ពាសវាលពាសកាលនៅតាមទីសាធារណៈផ្សេងៗ ឬក្រៅធុងសំរាមនោះទេ និងត្រូវចូលរួមលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន ជុំវិញខ្លួន យើងឲ្យកាន់តែល្អប្រសើរឡើង។
លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពាទីក្រុងស្អាត និងជំរុញការប្រលងប្រណាំង ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅឆ្នាំ២០១៩ កន្លងទៅ ពិភពលោកបានប្រារព្ធទិវានេះជាលើកដំបូង ក្នុងនោះមានប្រទេសចំនួន ១៥៧ និងមានប្រជាជនចូលរួមដល់ទៅប្រមាណ ២១លាននាក់ ដោយបានប្រមូលសំរាមសរុប ១០០,០០០តោន ក្នុងនោះនៅប្រទេសកម្ពុជាមានអ្នកចូលរួមប្រារព្ធទិវានេះប្រមាណ ៨០ម៉ឺននាក់ដែរ។
លោក ហ៊ួត រិទ្ធី បានបន្តថា នៅឆ្នាំ២០២០នេះ ពិភពលោកបានប្រារព្ធទិវានេះជាលើកទី២ ដោយមានប្រទេសចំនួន ១៥៨ ជុំវិញពិភពលោកចូលរួម។
លោក នូ សុវណ្ណ នាយកប្រចាំតំបន់អាស៊ីនៃអង្គការ LET'S DO IT WORLD បានថ្លែងថា ការប្រារព្ធទិវាស្អាតពិភពលោកនៅកម្ពុជាឆ្នាំនេះ គឺផ្ដោតខ្លាំងលើការផ្សព្វផ្សាយច្បាប់ និងអនុក្រឹត្យ ដែលចែងពាក់ព័ន្ធនឹងបញ្ហាសំរាម ព្រមទាំងចូលរួមអប់រំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើការទុកសំរាមឱ្យបានត្រឹមត្រូវ។
នាយកអង្គការអន្តរជាតិរូបនេះក៏បានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា គួរតែរឹតបន្តឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម។ ប្រសិនបើមានបុគ្គលណាដែលចោលសំរាមផ្ដេសផ្ដាស ត្រូវតែទទួលការផាកពិន័យ ឬទទួលទោសទណ្ឌតាមទង្វើជាក់ស្ដែង។
សូមជម្រាបថា បន្ទាប់ពីក្រសួង ស្ថាប័ន អង្គការ និងប្រជាពលរដ្ឋចូលរួមប្រមូលសំរាមអស់ពេលមួយព្រឹករួចមក ឃើញថាសំរាមដែលប្រមូលបានមានចំនួនប្រមាណជាង ៥តោន៕