(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង បានបើកយុទ្ធនាការ បាញ់ថ្នាំនិងដាក់អាប៊ែត ដើម្បីកំចាត់ជម្រកសត្វម៉ូស ដើម្បីបង្ការការពារជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺឆ្លងផ្សេងៗ ដើម្បីសុខភាពប្រជាពលរដ្ឋ។

ការចុះប្រតិបត្តិការបាញ់ថ្នាំ និងអាប៊ែត បានធ្វើឡើងនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅជុំវិញបរិវេនផ្សារដងទង់ ភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ប្រតិបត្ដិការនេះ ដោយមានការចូលរួមក្រោមវត្តមាន លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង, លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង, លោក ឈួន សុវណ្ណដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីសិស្សានុសិស្សយុវជនកាកបាទក្រហមផងដែរ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារសុខភាពប្រជាពលរដ្ឋជំងឺគ្រុនឈាម និងជំងឺឈីក ដែលបង្កឡើងដោយសារម៉ូសខ្លា មន្ទីរសុខាភិបាល ក្រុមការងារជំនាញ បានចុះប្រតិបត្តិការ បាញ់ថ្នាំនិងដាក់អាប៊ែត ដើម្បីកំចាត់ជម្រកសត្វម៉ូស ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ឲ្យមានជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបន្ថែមថា ក្នុងការចុះប្រតិបត្តិការ បាញ់ថ្នាំ និងដាក់អាប៊ែត ដើម្បីកម្ចាត់ជម្រកសត្វម៉ូស លោកបានធ្វើការផ្សព្វផ្សាយ និងអប់រំ ឲ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវបោសសំអាតទីធ្លា ជុំវិញបរិវេណលំនៅឋាន ថែរក្សាអនាម័យបរិស្ថាន សម្រាមត្រូវដុតកំទេចចោល និងកប់លុបបំបាត់ត្លុកទឹកដក់ កុំឲ្យមាន ហើយត្រូវគេងក្នុងមុង និងពាក់ខោអាវដៃវែង ជាពិសេសក្មេងៗត្រូវបង្ហាត់បង្រៀន ដល់ពួកគាត់ឲ្យចេះការពារ និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីការពារអាយុជីវិតរបស់យើង។

លោកបានបញ្ជាក់បន្ថែមថា អ្វីដែលសំខាន់បំផុត ដែលគួរឲ្យមានហានិភ័យខ្ពស់ជាងគេបំផុតនោះ គឺសូមឲ្យបងប្អូនពុកម៉ែ កូនក្មួយមានការការពារ និងប្រុងប្រយ័ត្ន ឲ្យបានខ្ពស់នោះ គឺបញ្ហាជំងឺដែលមានការរីករាលដាល នៅលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះ ដែលធ្វើឲ្យពិភពលោកមានការព្រួយបារម្ភជាងគេ។ ដូច្នេះសូមបងប្អូន អនុវត្ត ទៅតាមការផ្សព្វផ្សាយអប់រំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលមន្ទីរពេទ្យបង្អែក នៅតាមបណ្ដាស្រុកភូមិឃុំ រាល់ថ្ងៃតែងតែចាក់អ្នកគ្រូ ផ្សព្វផ្សាយគ្រប់វិនាទីនិងម៉ោងរាល់ថ្ងៃ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្នុងខេត្តកោះកុង អត្រាជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក មានអត្រាទាបមានតែ៣៨ករណីទេ ក្នុងរយៈពេល៩ខែនេះ ហើយករណីដែលកើតឡើងនេះ មានតែបរិវេនផ្សារដងទង់ ភូមិ៤សង្កាត់ដងទង់ ភូមិ២សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕