(បន្ទាយមានជ័យ)៖ អំណោយជាស្បៀងអាហារ និងសម្ភារមួយចំនួនធំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានប្រគល់ជូនដល់កងកម្លាំងការពារ ព្រំដែនគោកលេខ៨០៧ តាមរយៈលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅបឹងត្រួនក្នុងភូមិសាស្ត្រ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីប្រគល់អំណោយជាស្បៀងអាហារ និងសម្ភារជូនដល់កងកម្លាំងការពារព្រំដែនគោកលេខ៨០៧នេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានថ្លែងថា នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន និងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥ តែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ និងសុខភាពរបស់កងកម្លាំងនគរបាលឈរជើងជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរភាពទឹកដី។
លោកបានបន្តថា ដោយសារនៅលើពិភពលោកកំពុងរងគ្រោះវិបត្តិកូវីដ-១៩ ក្នុងនោះនៅកម្ពុជាយើង មានអ្នកកើតជំងឺកូវីដ-១៩ ចំនួន២៧៦នាក់ (ទើបរកឃើញជនជាតិហុងគ្រីម្នាក់ទៀត នៅខេត្តសៀមរាប) តែបានជាសះស្បើយរហូតដល់ ២៧៤នាក់ និងកំពុងសម្រាកព្យាបាល២នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ពលករកម្ពុជាមកពីថៃ ត្រូវសហការជាមួយក្រុមគ្រូពេទ្យ ធ្វើការពិនិត្យកំដៅឲ្យមានហ្មត់ចត់ និងធ្វើចត្តាឡីស័ក ដោយឲ្យគាត់រស់នៅរយៈពេល ១៤ថ្ងៃ មុនពេលឲ្យគាត់ចូលទៅសហគមន៍ និងណែនាំគាត់រស់នៅដោយឡែករយៈពេល ១៤ថ្ងៃបន្ថែមទៀត មុនពេលជួនជុំគ្រួសាររបស់ពួកគាត់។
លោកក៏បានណែនាំថា នេះជារដូវភ្លៀងជោគជាំ ត្រូវមានការប្រុងប្រយ័ត្នផងដែរចំពោះបញ្ហាកើតជំងឺគ្រុនឈាម គ្រុនឈីក និងជម្ងឺគ្រុនចាញ់ ដូចនេះដើម្បីទប់ស្កាត់ជំងឺទាំងនោះ គឺត្រូវមានវិធានការលុប បំបាត់ជម្រកមូសខ្លា ដូចជាមិនត្រូវឲ្យមានទឹកដក់ នៅក្នុងសំបកកង់ឡាន សំបកកំប៉ុង និងទឹកពាង ឬអាងត្រូវដាក់ថ្នាំអាបែត។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានប្រគល់ស្បៀង និងសម្ភារជូនវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ រួមមាន៖ អង្ករចំនួន ១០ការ៉ុង ត្រីខ ចំនួន ៥០០កំប៉ុង មី ចំនួន ៥០កេះ ទឹកត្រីចំនួន ១០យួ ទឹកស៊ីអ៊ីវចំនួន ១០យួ អាវភ្លៀងចំនួន១០០អាវ ទឹកសុទ្ធ១០០យួរ នំអន្សម១០០នំ ភេសជ្ជៈ ទឹកសុទ្ធ ទឹកត្រចៀកកាំ និងថវិកាមួយចំនួនផងដែរ៕